(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកប្រធានាធិបតី ស៉ី ជីនពីង នឹងមកចូលរួមកិច្ចប្រជុំកំពូល BRICS ដែលជាក្រុមប្រទេសមានសមាជិក ដូចជាប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រិ្វកខាងត្បូង ខណៈឆ្នាំនេះត្រូវរៀបចំ ក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។

BRICS គ្រោងរៀបចំកិច្ចប្រជុំកំពូល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ នៅទីក្រុង Kazan ភាគនិរតីប្រទេសរុស្ស៉ី ហើយវិមានក្រឹមឡាំង រំពឹងថាវានឹងក្លាយជាឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន ក៏ដូចជាបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្នុងចំណោមសមាជិក ពិសេសជាមួយទីក្រុងប៉េកាំង។

លោក Wang បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ក្នុងជំនួបមួយនៅទីក្រុង Saint Petersburg ដូច្នេះថា «លោកប្រធានាធិបតី ស៉ី ជីនពីង រីករាយនឹងទទួលយកការអញ្ជើញនេះ»។ លោក Wang ក៏បានប្រកាសពីការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពដ៏ជ្រាលជ្រៅ រវាងលោក ពូទីន និងលោកស៉ី ផងដែរ ហើយថាមេដឹកទាំងពីរ នឹងមានកិច្ចពិភាក្សាជាយុទ្ធសាស្ត្របន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមប្រទេស BRICS ដែលបច្ចុប្បន្នមានសមាជិក ៥ប្រទេស និងតំណាងឱ្យស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក បាននិងកំពុងពង្រីកខ្លួនថែមទៀត ដោយការរួមបញ្ចូលនូវប្រទេសមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត ក្នុងនោះមាន អេមីរ៉ាតអារ៉ាប់រួម និងអ៉ីរ៉ង់ផងដែរ៕