(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើមន្រ្តីសំខាន់ៗចំនួន ១៦នាក់របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៉ីនតោន ចាត់ទុកថាមានការក្លែងបន្លំអ្នកបោះឆ្នោតកាលពីពេលកន្លងទៅ និងការបង្ក្រាបជាបន្តបន្ទាប់នៃរដ្ឋាភិបាល លោក Maduro ចំពោះក្រុមប្រឆាំងនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។
អ្នកដែលត្រូវបានកំណត់គោលដៅក្នុងទណ្ឌកម្មខាងលើ រួមមានប្រធានតុលាការកំពូល លោក Caryslia Rodriguez ប្រធានក្រុមប្រឹក្សាបោះឆ្នោត លោក Rosalba Gil អនុប្រធានរដ្ឋសភា លោក Pedro Infante ព្រមទាំងអ្នកពាក់ព័ន្ធក្នុងការបោះឆ្នោត ក៏ដូចជាយោធា និងមន្រ្តីចារកម្មមួយចំនួនទៀត ដោយចោទប្រកាន់ពួកគេ ពីការគាបសង្កត់ក្រោយការបោះឆ្នោត។ ជាផ្នែកមួយនៃវិធានការដាក់ទណ្ឌកម្មដំបូងរបស់សហរដ្ឋអាមេរិក ជុំវិញការបោះឆ្នោតនេះ ប្រមុខការទូតអាមេរិក លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៉ីនតោន ក៏នឹងដាក់កំហិតទិដ្ឋាការលើមន្រ្តីមួយចំនួន របស់លោក Maduro ផងដែរ។
គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក Edmundo Gonzalez បេក្ខជនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក ក៏ដូចជាពីប្រទេសដ៏ទៃថាបានឈ្នះក្នុងការបោះឆ្នោតផងនោះ បានភៀសខ្លួនទៅកាន់ប្រទេសអេស្ប៉ាញ ក្រោយរដ្ឋាភិបាលលោក Maduro ចេញដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង៕