(ញូវយ៉ក)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់បំផុតនៅទីក្រុង New York នៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ពាក្យសុំលាលែងពីតំណែង ចំពេលមាន ការស៉ើបអង្កេតអំពើពុករលួយ ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ នៃរដ្ឋបាលទីក្រុងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
អភិបាលក្រុង New York លោក Eric Adams បានប្រកាសថា លោកបានទទួលយក ការសុំលាលែងពីតំណែងរបស់លោក Edward Caban ស្នងការប៉ូលិសទីក្រុង New York ដែលជាស្ថាប័នប៉ូលិសធំជាងគេបង្អស់នៅអាមេរិក ហើយមានមន្រ្តីប៉ូលិសពាក់ឯកសណ្ឋានសរុប ៣៥,០០០នាក់។
មកទល់ពេលនេះ មិនទាន់មានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ ហើយអាជ្ញាធរសហព័ន្ធអាមេរិក ក៏មិនទាន់បកស្រាយឱ្យច្បាស់ថា ពួកគេកំពុងស៉ើបអង្កេតអ្វីឱ្យប្រាកដដែរ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយ ABC News ការស៉ើបអង្កេតមួយក្នុងចំណោមនោះ កំពុងកំណត់គោលដៅទៅលើ កិច្ចសន្យារបស់ទីក្រុង និងមួយទៀតផ្តោតលើអនុវត្តច្បាប់ ពាក់ព័ន្ធសេវាកម្មកម្សាន្តពេលរាត្រី។
គួរបញ្ជាក់ថា លោក Caban ទើបត្រូវបានលោក Adams តែងតាំងជាស្នងការប៉ូលិសទីក្រុង New York កាលពីឆ្នាំ២០២៣។ លោក Caban អាយុ៥៧ឆ្នាំ បានស្ថិតក្រោមសម្ពាធ ឱ្យលាលែងពីតំណែង បន្ទាប់ពីក្រុមភ្នាក់ងារសហព័ន្ធ បានរឹបអូសទូរស័ព្ទដៃរបស់លោក ព្រមទាំងទូរស័ព្ទរបស់សមាជិកជាន់ខ្ពស់ដទៃទៀត នៅក្នុងរដ្ឋបាលរបស់លោក Adams៕