(ប៉េកាំង)៖ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៤ បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង នៅក្នុងសារលិខិតអបអរសាទរថា "ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ បានបើកធ្វើដោយជោគជ័យចំនួន១០លើកហើយ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើក នៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន ដែលបានរួមចំណែកជាវិជ្ជមានដល់ ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ"។

នាពេលបច្ចុប្បន្ន ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃ ទៅមួយថ្ងៃ។ អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ នឹងកើនឡើងពី ២២ភាគរយនាពេលបច្ចុប្បន្នដល់ជាង ៣៣ភាគរយនៅឆ្នាំ២០៤០។ នេះក៏ជាមូលហេតុ ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានទាក់ទាញប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥ មករៀបចំការតាំងពិព័រណ៌ និងសហគ្រាស លំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសឈានមុខចំនួនជាង ៤៥០បានចូលរួមនៅកន្លែងផ្ទាល់។

ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំងបានចូលរួមក្នុង នាមជាប្រទេសកិត្តិយសជាលើកដំបូង ហើយបានតាំងពិព័រណ៍ នៅកន្លែងផ្ទាល់តែម្នាក់ងងជាលើកដំបូងផងដែរ។ មានសហគ្រាសបារាំងជាច្រើនបានរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ខាងវិស័យពាណិជ្ជកម្ម សេវាកម្មរវាងចិននិងបារាំងឱ្យកាន់តែស៊ីជម្រៅ។

យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ទំហំនៃការនាំចេញនាំចូលខាងសេវាកម្មសរុបរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣មានចំនួនជាង៦.៥ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ និងស្ថិតក្នុងលំដាប់នាំមុខនៅលើពិភពលោក។ ក្នុងចំណោមនោះ សមាមាត្រនៃការធ្វើពាណិជ្ជកម្មសេវាកម្ម ដែលពឹងផ្អែកលើជំនាញ បានកើនឡើងដល់ ៤១.៤ភាគរយ។ នេះបានបង្ហាញថា កម្លាំងប្រកួតប្រជែងនិងគុណភាព នៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន មានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកនៃភាពច្នៃប្រឌិតថ្មី នៃសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងលេចធ្លោ។

នេះក៏ជាមូលហេតុដ៏សំខាន់ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ បានទាក់ទាញពាណិជ្ជករចិន និងបរទេសមកចូលរួមយ៉ាងសកម្ម ក្នុងពិព័រណ៍លើកនេះដែរ។ ការរីកចំរើនយ៉ាងផុលផុស នៃទីផ្សារឧស្សាហកម្មសេវាកម្ម របស់ប្រទេសចិន បាននាំមកនូវឱកាសអាជីវកម្មដ៏ធំធេងដល់សហគ្រាសអន្តរជាតិ។ នៅឆមាសទីមួយឆ្នាំ២០២៤ ការនាំចូលខាងឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនមានដល់២.១ទ្រីលានយាន់ប្រាក់ចិន កើនឡើង១៦.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ រដ្ឋាភិបាលចិនបានដាក់ចេញ វិធានការមួយចំនួន ដែលបានបង្កើនជំនឿចិត្តរបស់សហគ្រាសបរទេស ក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋាន ស្តីពីការបើកចំហ ចំពោះក្រៅប្រទេស ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី បែបបើកចំហ ប្រកបដោយកម្រិតកាន់តែខ្ពស់។ ការពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម គឺជាចំណុចដ៏សំខាន់សម្រាប់ ការពង្រីកការបើកចំហ ចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងបណ្តុះបណ្តាលកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបរទេស។

នាពេលបច្ចុប្បន្ន ការសាកល្បងចម្រុះក្នុងការពង្រីកការបើកចំហ ចំពោះក្រៅប្រទេសនៃឧស្សាហកម្មសេវាកម្មប្រទេសចិន បានដាក់ចេញវិធានការសាកល្បងចំនួនជាង១៣០០ផ្នែក នៅក្នុងវិស័យអាជីវកម្មចំនួន១៣ ដូចជាបច្ចេកវិទ្យា ទូរគមនាគមន៍ វប្បធម៌និងទេសចរណ៍និងហិរញ្ញវត្ថុជាដើម។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឱ្យពិភពលោក មើលឃើញនូវកម្លាំង "ថ្មី" កាន់តែច្រើន មើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃពាណិជ្ជកម្មសេវាកម្ម តាមរយៈការបើកចំហរចំពោះក្រៅប្រទេស ក៏ដូចជាមើលឃើញពីភាពរស់រវើកនិងឱកាសដ៏ធំសម្បើម របស់ការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន