(ប៊ុយការ៉េស)៖ អង្គភាពឆ្លើយតបគ្រាអាសន្នរបស់ប្រទសរ៉ូម៉ានី បានប្រកាសនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាថា មនុស្ស ៤នាក់បានស្លាប់នៅភាគខាងកើតប្រទេស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ ខណៈកម្រិតទឹកទន្លេបាននិងកំពុងហក់ឡើង នៅក្នុងប្រទេសមួយចំនួនទៀត នៅអឺរ៉ុបកណ្តាល និងនៅភាគខាងកើតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងប្រទេសរ៉ូម៉ានី ទឹកជំនន់ប៉ះពាល់ដល់ភូមិចំនួន ១៩ក្នុងតំបន់ចំនួន ៨ ហើយលោកនាយករដ្ឋមន្ត្រី Marcel Ciolacu កំពុងធ្វើដំណើរទៅកាន់ស្រុក Galati ដែលរងគ្រោះខ្លាំងជាងគេ និងជាកន្លែងដែលមានមនុស្សស្លាប់ ៤នាក់។ រូបភាពពីទូរទស្សន៍ បង្ហាញឱ្យឃើញពីផ្លូវដែលជន់លិចដោយទឹកភក់ ដីល្បាប់ និងកម្ទេចកំទី ខណៈក្រុមសង្គ្រោះជួយនាំអ្នកស្រុកទៅកាន់ទីសុវត្ថិភាព។

ការព្យាករពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ មាននៅក្នុងតំបន់ភាគច្រើន សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខ ជំរុញឱ្យអាជ្ញាធរចេញការណែនាំ នៅសាធារណរដ្ឋឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងអាល្លឺម៉ង់ភាគខាងត្បូង រួមទាំងផ្នែកខ្លះនៃប្រទេសអូទ្រីស។ មន្ត្រីនៅតាមទីប្រជុំជនមួយចំនួននៃបណ្តោយព្រំដែនឆែក-ប៉ូឡូញ បាននាំគ្នាជួយជម្លៀស ខណៈទឹកទន្លេហក់ឡើងដល់កម្រិតប្រកាសអាសន្ន។ រដ្ឋធានី Prague របស់ប្រទេសឆែក ដែលធ្លាប់រងគ្រោះទឹកជំនន់យ៉ាងមហន្តរាយកាលពីឆ្នាំ ២០០២បានដាក់របាំងការពារទឹកជំនន់៕