(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ បានព្រមានប្រជាជនរស់នៅលើកោះមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស ពីហានិភ័យនៃគ្រោះរអិលបាក់ដី ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងបក់បោកឆ្ពោះទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមអាជ្ញាធរឧតុនិយមជប៉ុន JMA ព្យុះទីហ្វុង Bebinca បានបក់បោកឆ្លងកាត់កោះ Amami របស់ជប៉ុន កាលពីយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់ បក់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ JMA បន្ថែមថាព្យុះ Bebinca ត្រូវបានព្យាករថាអាចនឹងបក់បោកទៅក្បែរទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយ ព្យុះនេះដែរ អាចថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិក ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅតាមផ្នែកមួយចំនួននៃតំបន់ភាគខាងត្បូងប្រទេសជប៉ុន។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយក៏បានវាយប្រហារលើជប៉ុន ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យសេវាដឹកជញ្ជូនជាច្រើន ត្រូវបានផ្អាកដំណើរការ និងមនុស្ស ៦នាក់បានស្លាប់ផងដែរ។ កាលពីឆ្នាំ២០២១វិញ ព្យុះភ្លៀងបានបង្កឱ្យមានគ្រោះរអិលបាក់ដីក្នុងទីក្រុង Atami សម្លាប់មនុស្ស ២៧នាក់៕