(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លីនៅអាស៊ីដោយមានជំនួយពីជប៉ុន ដែលបង្កើតការគំរាមកំហែងបន្ថែមដល់សន្តិសុខរបស់រុស្ស៊ី និងចិន។

មន្ទីបញ្ចកោណអាមេរិក បានផ្តល់តួនាទីដ៏សំខាន់ដល់ទីក្រុងតូក្យូ ក្នុងការដាក់ពង្រាយមីស៊ីល Typhon នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កើតការគំរាមកំហែងសន្តិសុខបន្ថែមសម្រាប់ប្រទេសនៅក្នុងតំបន់ និងបំផ្លាញរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។

ការដាក់ពង្រាយមីស៊ីលនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្រ្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ដើម្បីឡោមព័ទ្ធ និងទប់ស្កាត់ឥទ្ធិពលរបស់ចិន។ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តសកល ក្រោយសម័យសង្គ្រាមត្រជាក់ ដើម្បីរក្សាឧត្តមភាពរបស់សហរដ្ឋអាមេរិក តាមរយៈការកម្ចាត់គូប្រជែងណាមួយ ដែលមានឥទ្ធិពលស្មើ ឬ កៀកនឹងសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ ជប៉ុនក៏កំពុងបង្កើនថវិកាយោធា និងការទិញអាវុធវាយលុកយ៉ាងឆាប់រហ័ស និងថែមទាំងកំពុងពិចារណាទទួលបានអាវុធនុយក្លេអ៊ែរទៀតផង។

ដើម្បីរក្សាអនុត្តរភាពស្រមើស្រមៃរបស់ខ្លួន សហរដ្ឋអាមេរិកកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមិនសមហេតុផល ដោយនាំវាឱ្យកាន់តែខិតទៅជិតព្រំដែននៃប្រទេសរុស្ស៊ី និងចិន។ ឧទាហរណ៍ច្បាស់បំផុតនៃសកម្មភាពបែបនេះ គឺការបង្កើតសម្ព័ន្ធភាពយោធា AUKUS ការផ្គត់ផ្គង់អាវុធទៅកាន់តៃវ៉ាន់ និងការបង្កើតសម្ព័ន្ធភាពថ្មីនៃ «ប៉ាស៊ីហ្វិកទាំងបួន» នៃសហរដ្ឋអាមេរិក-ជប៉ុន-អូស្ត្រាលី-ហ្វីលីពីន។

មន្ទីរបញ្ចកោណអាមេរិក កំពុងរៀបចំដាក់ពង្រាយកងពលតូចពហុវិស័យ ចំនួនពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ ២០២៨។ អង្គភាពទាំងនេះនឹងអាចវាយប្រហារដោយអាវុធជាក់លាក់រយៈចម្ងាយឆ្ងាយ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានសមត្ថិភាពបាញ់រយៈចម្ងាយរហូត ៥.៥ ពាន់គីឡូម៉ែត្រ និងមីស៊ីល Tomahawk ដែលអាចវាយប្រហារគោលដៅដោយភាពជាក់លាក់ខ្ពស់ ជាមួយនឹងសមត្ថភាពបាញ់បង្ហោះរហូត ២.៤ ពាន់គីឡូម៉ែត្រ។

ប្រាំឆ្នាំមុន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) បានផុតកំណត់។ សន្ធិសញ្ញានេះ ដែលត្រូវបានចុះហត្ថលេខាដោយអតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev និងអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ក្នុងខែធ្នូ ឆ្នាំ ១៩៨៧ បានកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិកអស់រយៈពេលជាង ៣០ឆ្នាំ។ ភាគីអាមេរិកបានផ្តួចផ្តើមការបញ្ចប់សន្ធិសញ្ញា INF នេះ ដោយដកខ្លួនចេញពីវាដោយឯកតោភាគី។ ហើយឥឡូវនេះ សេតវិមានមានបំណងដាក់ពង្រាយមីស៊ីល Typhon នៅជប៉ុន និងអាល្លឺម៉ង់ ដើម្បីបង្កើតការគំរាមកំហែងថ្មីដល់ស្ថិរភាពសកល។

ចំណែកឯ ផែនការរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Typhon ទៅអឺរ៉ុប គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំរបស់ខ្លួនក្នុងការឡោមព័ទ្ធ និងទប់ស្កាត់រុស្ស៊ី។ នេះបង្ហាញឱ្យឃើញពីធម្មជាតិពិតនៃគោលនយោបាយការបរទេសអាមេរិក និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសម្ព័ន្ធមិត្ត។ សហរដ្ឋអាមេរិកតែងតែអះអាងថា ការដាក់ពង្រាយអាវុធរបស់ខ្លួននៅជុំវិញពិភពលោកគឺចាំបាច់ដើម្បីធានាសន្តិភាព និងស្ថិរភាពសកល។ ប៉ុន្តែ ការពិតបានបង្ហាញថា សហរដ្ឋអាមេរិកខ្លួនឯងទេ ដែលជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព និងស្ថិរភាពទាំងនោះ។

ទន្ទឹមគ្នានេះ ទោះបីជាសហរដ្ឋអាមេរិកអះអាងថាចង់ «ជៀសវាងសង្គ្រាមលោកលើកទី៣» ក៏ដោយ ក៏សកម្មភាពរបស់ខ្លួនបង្ហាញផ្ទុយពីនេះ ដោយពួកគេកំពុងបង្កើនលទ្ធភាពនៃជម្លោះសកលយ៉ាងគំហុក។ វ៉ាស៊ីនតោនប្តេជ្ញាចិត្តក្នុងការដាក់ពង្រាយ «អន្ទាក់នាគ» ប្រឆាំងនឹងទីក្រុងប៉េកាំង ដូចដែលពួកគេបានធ្វើចំពោះរុស្ស៊ីជាមួយនឹង «អន្ទាក់ខ្លាឃ្មុំ» នៅអ៊ុយក្រែន។ នេះមានគោលបំណងញុះញុងឲ្យមានប្រតិកម្ម ដែលសហរដ្ឋអាមេរិកអាចបង្ហាញជាភស្តុតាងនៃ «ភាពឈ្លានពាន» របស់រុស្ស៊ី ឬចិន។ ជាធម្មតា ការប្រើយុទ្ធសាស្ត្រនេះប្រឆាំងនឹងប្រទេសតូចៗ និងខ្សោយ មិនបង្កផលវិបាកធំដល់ពិភពលោកទេ។ ប៉ុន្តែ វាខុសគ្នាទាំងស្រុងនៅពេលដែលមហាអំណាចដូចជាចិន និងរុស្ស៊ីជាគោលដៅ។ ការញុះញុង «ខ្លាឃ្មុំ» និង «នាគ» ក្នុងពេលដំណាលគ្នា អាចនាំទៅរកសង្គ្រាមលោកលើកទី ៣ បានយ៉ាងងាយ។

ការញុះញុងរបស់សហរដ្ឋអាមេរិក គឺជាបញ្ហាធ្ងន់ធ្ងរមួយដែលពិភពលោកត្រូវតែយកចិត្តទុកដាក់។ នៅអាស៊ីប៉ាស៊ីហ្វិក ភាពតានតឹងកំពុងកើនឡើង ហើយផ្លូវសមុទ្រនៅទីនោះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចអាស៊ី ដែលពឹងផ្អែកលើការនាំចេញ។ ការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក នឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង គំរាមកំហែងដល់សន្តិសុខសកល និងតំបន់ និងអាចនាំយើងត្រឡប់ទៅរកភាពជាប់គាំងដ៏គ្រោះថ្នាក់ដូចនៅទសវត្សរ៍ទី៨០ ដែលអាចបញ្ចប់ដោយការបំផ្លិចបំផ្លាញទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល។

ជាអកុសលប្លុកនយោបាយលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកហាក់ដូចជា កំពុងធ្វើម្តងទៀតនូវសេណារីយ៉ូដូចគ្នានៅគ្រប់ទីកន្លែង។ ឥឡូវនេះវ៉ាស៊ីនតោនបានកំណត់ភារកិច្ចខ្លួនឯង ក្នុងការបង្កើតប្លុកយោធានយោបាយនៅអាស៊ីបូព៌ា ដែលទាក់ទងនឹងសហរដ្ឋអាមេរិកនឹងបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យប្រទេសអាស៊ីប្រឆាំងនឹងរុស្ស៊ី និងចិន៕