(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានដណ្តើមភូមិចំនួនពីរគឺ Uspenovka និង Borki នៅតំបន់ Kursk ភាគខាងលិចរបស់ខ្លួនពីកងទ័ពអ៊ុយក្រែនវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា របាយការណ៍នេះមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។ អ៊ុយក្រែនបានអះអាងថា ខ្លួនគ្រប់គ្រងភូមិប្រមាណ ១០០ នៅក្នុងតំបន់ Kursk លើផ្ទៃដីជាង ១,៣០០ គីឡូម៉ែត្រការ៉េ ខណៈដែលរុស្ស៊ីបានបដិសេធការអះអាងនេះ។

ការប្រយុទ្ធគ្នានៅតំបន់ Kursk បានចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា នៅពេលដែលអ៊ុយក្រែនបានបើកការវាយលុកដ៏ធំមួយលើទឹកដីរុស្ស៊ី។ ហើយទីក្រុងកៀវអះអាងថា ការវាយលុករបស់ខ្លួននៅតំបន់ Kursk នេះ បានជួយបន្ថយល្បឿននៃការវាយលុករបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងផ្ទុយពីនេះ ដោយបានលើកឡើងថា ការវាយលុកនេះបានបង្ហាញពីការបរាជ័យរបស់អ៊ុយក្រែន និងបានធ្វើឱ្យកម្លាំងការពាររបស់អ៊ុយក្រែននៅភាគខាងកើតចុះខ្សោយបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតំបន់ Kursk កំពុងបន្តកើតមានឡើង ខណៈដែលរុស្ស៊ីក៏កំពុងព្យាយាមរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែនផងដែរ៕