(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ បានកើនដល់តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា គឺជាង៩៥,០០០នាក់ ហើយជិត៩០ភាគរយ គឺជាស្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងសុខាភិបាលជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតនៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ជប៉ុនមានប្រជាជនអាយុ ១០០ឆ្នាំឡើង សរុបចំនួន៩៥,១១៩នាក់ ពោលគឺកើន២,៩៨០នាក់ ធៀបទៅនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ ៨៣,៩៥៨នាក់ជាស្រ្តី និង១១,១៦១នាក់ជាបុរស។

ទិន្នន័យខាងលើ គូសរំលេចបន្ថែមទៀត នូវវិបត្តិប្រជាសាស្រ្ត ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៤ មួយនេះ កំពុងតែប្រឈម ខណៈជប៉ុនមានមនុស្សចាស់កាន់តែច្រើនទៅៗ ហើយចំនួនប្រជាជនសរុប បន្តថយចុះជាលំដាប់។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋាភិបាលជប៉ុន បានបង្ហាញទិន្នន័យថា ចំនួនប្រជាជនដែលមានអាយុ៦៥ឆ្នាំឡើង បានកើនដល់៣៦.២៥លាននាក់ ដែលជាតួលេខ​ខ្ពស់បំផុតមិនធ្លាប់មាន ហើយស្មើនឹង២៩.៣ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប។

គួរបញ្ជាក់ថា សព្វថ្ងៃ ជប៉ុនជាប្រទេស ដែលបុគ្គលចាស់ជាងគេបង្អស់លើពិភពលោក កំពុងរស់នៅគឺ លោកយាយ Tomiko Itooka។ លោកយាយ Itooka កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨ ដែលមកទល់ពេលនេះ គឺមានអាយុ១១៦ឆ្នាំ។ ម្ចាស់កំណត់ត្រាចាស់ លោកយាយ Maria Branyas Morera បានទទួលមរណភាពកាលពីខែមុន នៅប្រទេសអេស៉្បាញ ក្នុងវ័យ១១៧ឆ្នាំ៕