(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិក បានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងអាចស្តារកិច្ចសន្ទនាសាជាថ្មី ជាមួយ​ប្រទេសកូរ៉េខាងជើង តាមរយៈក្រុមអ្នកការទូត នៃប្រទេសស៊ុយអែត ដែលទើបតែបានបើកបេសកកម្មការទូតឡើងវិញ នៅទីនោះ ក្រោយបិទទ្វារ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ដោយសារទីក្រុងវ៉ាស៉ីនតោន និងទីក្រុងព្យុងយ៉ាង មិនមានទំនាក់ទំនងការទូតជាមួយគ្នា ស៊ុយអែតដើរតួនាទីជាអ្នកជំនួសមុខឱ្យអាមេរិក នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែក្រុមអ្នកការទូតរបស់ស៊ុយអែត ត្រូវបានបង្ខំឱ្យចាកចេញពីទីនោះ នៅពេលកូរ៉េខាងជើងបិទប្រទេស កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ ក្រុមអ្នកការទូតស៊ុយអែត បានត្រឡប់ទៅកូរ៉េខាងជើងវិញ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយ​ឥឡូវអាចចាប់ផ្តើមប្រតិបត្តិការការងារទូទៅ របស់ស្ថានទូតសាជាថ្មី។

ទីក្រុងវ៉ាស៉ីនតោន បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយដូច្នេះថា «យើងគាំទ្រការវិលត្រឡប់ របស់ក្រុមអ្នកការទូតបរទេស ទៅកាន់ទីក្រុងព្យុងយ៉ាង ហើយសង្ឃឹមថា វានឹងអាចជួយស្តារកិច្ចសន្ទនា សកម្មភាពការទូត និងការធ្វើប្រាស្រ័យទាក់ទងគ្នា ប្រកបដោយភាពស្ថាបនា ក្នុងទម្រង់ដទៃទៀត ជាមួយកូរ៉េខាងជើង»

គួរបញ្ជាក់ថា ស៊ុយអែតមានបេសកកម្មការទូតទាំងនៅទីក្រុងសេអ៊ូល និងទាំងនៅទីក្រុងព្យុងយ៉ាង។ មិនតែប៉ុណ្ណោះ ស៊ុយអែត ក៏មានតួនាទីជាសមាជិក នៃគណៈកម្មការត្រួតពិនិត្យមួយ នៅតំបន់ព្រំប្រទល់អន្តរកូរ៉េ ដែលមើលការខុសត្រូវលើ បទឈប់បាញ់ឆ្នាំ១៩៥៣ រវាងប្រទេសកូរ៉េទាំងពីរ ផងដែរ៕