(អាស្តាណា)៖ អធិការបតី លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការពង្រីកពាណិជ្ជកម្ម ជាមួយកាហ្សាក់ស្ថាន ទន្ទឹមនឹងការធានាថាពាណិជ្ជកម្មបែបនេះមិនត្រូវបានប្រើប្រាស់ ដើម្បីគេចវេះទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ដែលបានដាក់លើរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
លោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ជាហេតុនាំឱ្យរុស្ស៉ីស្វែងរក ផ្លូវចៀសវាងទណ្ឌកម្ម សម្រាបើការកាំចេញបច្ចេកវិទ្យា និងទំនិញ។ Reuters ធ្លាប់ទទួលព័ត៌មានថា អាជីវកម្មរុស្ស៉ី ដែលចង់បានទំនិញដែលហាមឃាត់ដោយលោកខាងលិច ជួនកាលបានទិញទំនិញទាំងនោះពីក្រុមហ៊ុន មានមូលដ្ឋាននៅកាហ្សាក់ស្ថាន ដែលជាប្រទេសក្បែរខាង ឬមួយប្រទេសអតីតសហភាពសូវៀតផ្សេងទៀត។
អំឡុងទស្សនកិច្ចនៅប្រទេសអាស៉ីកណ្តាលមួយនេះ លោក Scholz គូសបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តចំពោះ កិច្ចសន្ទនាដ៏គួរឱ្យទុកចិត្តរវាងពួកយើង តាមរយៈការណ៍ដែលយើងចង់ការពារពាណិជ្ជកម្មទ្វេភាគី ឱ្យចេញឆ្ងាយពីការប្រើប្រាស់ខុស ដើម្បីគេចវេសពីទណ្ឌកម្ម»។ រីឯ រដ្ឋាភិបាលកាហ្សាក់ស្ថាននិយាយថា ខ្លួននឹងគោរពតាមទណ្ឌកម្ម។ ទាំងលោក Scholz និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បាននិយាយថា ប្រទេសទាំងពីរចាប់អារម្មណ៍ ក្នុងការបង្កើនពាណិជ្ជកម្មប្រេង រ៉ែកម្រ និងវត្ថុធាតុដើមផ្សេងទៀត។
គួរបញ្ជាក់ថា កាហ្សាក់ស្ថាន បានឈានជើងចូលជំនួសរុស្ស៉ី ក្នុងជាអ្នកផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ Schwedt នៅទីក្រុងប៊ែរឡាំង។ ដំណើរទស្សនកិច្ចរបស់លោក Scholz នាពេលនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គំរាមទប់ស្កាត់ការលក់លោហធាតុមួយចំនួន ទៅកាន់ប្រទេសដែលមានគោលជំហរអមិត្តនឹងរុស្ស៉ី៕