(ប៉េកាំង)៖ "វិធានការពន្ធគយទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិក កាន់តែមានភាពលំបាកលំបិន ក្នុងការប្រកួតប្រជែងទាំងជាតិ និងអន្តរជាតិ" "វានឹងបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកល មានភាពកាន់តែច្របូកច្របល់និងអស្ថិរភាព "។ល។ បន្ទាប់ពី ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR)បានចេញផ្សាយសេចក្តីប្រកាស អំពីវិធានការចុងក្រោយស្តីពី ការដំឡើងពន្ធគយលើ ផលិតផលចិននាពេលថ្មីៗកន្លងទៅនេះ មជ្ឈដ្ឋានឧស្សាហកម្មនិងសេដ្ឋវិទូអាមេរិក បាននាំគ្នាសម្តែងការព្រួយបារម្ភចំពោះរឿងនេះ។

កាលពីខែឧសភា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា គ្រោងនឹងដំឡើងពន្ធគយថែមទៀត ចំពោះផលិតផល ដែលនាំចូលពីចិន ក្នុងនោះបូករួមទាំងរថយន្តអគ្គិសនីជាដើម លើមូលដ្ឋាននៃវិធានការ ៣០១កាលពីមុន។ តាមផែនការពីមុន វិធានការនេះនឹងចូលជាធរ មាននៅថ្ងៃទី១ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលអនុវត្តពីរលើក នៅថ្ងៃទី ៣០ ខែកក្កដានិងថ្ងៃទី ៣០ ខែសីហា។ មូលហេតុសំខាន់គឺ រដ្ឋាភិបាលអាមេរិកបានអះអាងថា នឹងសិក្សាស្រាវជ្រាវអំពីមតិសាធារណៈលើ មនុស្សជាងមួយពាន់នាក់។ ទោះបីជាមតិយោបល់ជាច្រើន បានប្រឆាំងនឹងការដំឡើងពន្ធគយលើផលិតផលចិន ឬដាក់ពាក្យស្នើសុំឱ្យពង្រីកក្របខណ្ឌ នៃការលើកលែងពន្ធគយក៏ដោយ ក៏ទីបំផុតរដ្ឋាភិបាលអាមេរិកបានបដិសេធមិនទទួលយក មតិយោបល់ទាំងនេះ និងធ្វើតាមតែទំនើងចិត្តរបស់ខ្លួន។ ទង្វើឯកតោភាគីនិយមនិងការពារនិយមបែបនេះ វាមិនត្រឹមតែបានល្មើស នឹងពាក្យសន្យារបស់ភាគីអាមេរិកស្តីពី "ការមិនស្វែងរកការគាបសង្កត់លើការអភិវឌ្ឍរបស់ចិន មិនស្វែងរកការផ្តាច់ ទំនាក់ទំនងនិងខ្សែសង្វាក់ជាមួយចិន" ប៉ុណ្ណោះទេ ថែមទាំងក៏មិនសមស្របនឹងគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរផងដែរ ដែលបង្ហាញយ៉ាងច្បាស់ថា មនុស្សមួយចំនួននៃសហរដ្ឋអាមេរិក និយាយផ្សេងធ្វើផ្សឹងនិងនិយាយមិនយកជាការ។

សង្គ្រាមពន្ធគយមិនអាចដោះស្រាយបញ្ហាបានទេ ហើយសហរដ្ឋអាមេរិក ក៏នឹងទទួលរងផលវិបាកដ៏អាក្រក់វិញផងដែរ ។ ចាប់តាំងពីសហរដ្ឋអាមេរិក បានអនុវត្តវិធានការដំឡើង ពន្ធគយលើផលិតផលចិនមក វាបានបណ្តាលឱ្យសហគ្រាស និងអ្នកប្រើប្រាស់របស់អាមេរិកខាតបង់ សេដ្ឋកិច្ចចំនួន ២២១ ពាន់លានដុល្លារអាមេរិក ។ រដ្ឋាភិបាលអាមេរិកតែងតែចង់ "ការពារ" ឧស្សាហកម្មប្រទេសខ្លួន តាមវិធីបន្ថែមយកពន្ធគយ រហូតដល់ចង់បង្ខំឱ្យខ្សែសង្វាក់ឧស្សាហកម្មផ្លាស់ប្តូរ ទីតាំងទៅអាមេរិកវិញ ។ ប៉ុន្តែការពិតជាក់ស្តែងគឺផ្ទុយនឹងគោលបំណង សហគ្រាសអាមេរិកមិនបានបង់តម្លៃនោះទេ។

ក្រៅពីនេះ ប្រជាជនអាមេរិកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលបន្ទុកដើមទុន ចំនួន៩២ ភាគរយនៃការដំឡើង ពន្ធគយលើផលិតផលចិន ហើយគ្រួសាររបស់អាមេរិក នឹងបន្ថែមចំណាយ ១៣០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ សេដ្ឋវិទូជាច្រើនបានព្រមានថា ពន្ធគយកាន់តែខ្ពស់ មានតែនឹងធ្វើឱ្យអ្នកប្រើប្រាស់អាមេរិក បង់តម្លៃកាន់តែច្រើន។ យោងតាមស្ថិតិនៃមូលនិធិពន្ធដារអាមេរិក ឱ្យដឹងទៀតថា ការដំឡើងពន្ធគយលើផលិតផលចិនមិនត្រឹមតែ មិនបានដោះស្រាយ បញ្ហាឱកាសការងាររបស់ កម្មករអាមេរិកប៉ុណ្ណោះទេ ថែមទាំងបែរជាបានបណ្តាលឱ្យអាមេរិក បាត់បង់ឱកាសការងារចំនួន ១៤ ម៉ឺន ២ ពាន់ផងដែរ។

បើនិយាយចំពោះអាមេរិក ការដំឡើងពន្ធគយលើផលិតផលចិនតាមតែទំនើងចិត្ត ក៏បានធ្វើឱ្យរូបភាពអន្តរជាតិរបស់ខ្លួន រងការបង្ខូចថែមទៀត។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានកាត់ក្តីយូរហើយថា ពន្ធគយតាមវិធានការ ៣០១ បានល្មើសនឹងក្បួនច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក ភាគីអាមេរិកមិនត្រឹមតែ មិនបានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបែរជាបានដំឡើងថែមមួយកម្រិតទៀត នូវពន្ធគយតាមវិធានការ៣០១ លើផលិតផលចិនផងដែរ ដែលបានប្រព្រឹត្តិ ទង្វើខុសហើយខុសទៀត ហើយក៏បានបញ្ជាក់ម្តងទៀតថា អាមេរិកគឺជា "អ្នកបំផិ្លចបំផ្លាញក្បួនច្បាប់អន្តរជាតិ" តាំងពីដើមមក។ មួយផ្នែកទៀត អាមេរិកបានដំឡើងយ៉ាងខ្លាំង នូវពន្ធគយលើផលិតផលចិន វាមានលទ្ធភាពបំផ្លាញដល់ពាណិជ្ជកម្មសកល និងកំណើនសេដ្ឋកិច្ច ហើយនឹងបង្កជាផលប៉ះពាល់ដល់ ដំណើរការធ្វើបរិវត្តកម្មបៃតងសកល។

ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកបន្ថែមយកពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន គឺមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ ហើយការប៉ុនប៉ងរបស់អាមេរិក ស្តីពីការគាបសង្កត់លើសហគ្រាស និងឧស្សាហកម្មពាក់ព័ន្ធរបស់ចិន តាមរយៈការដំឡើងពន្ធគយមិនដែលសម្រេចបាននោះទេ។ សហរដ្ឋអាមេរិកគួរកែតម្រូវ ទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗ លុបបំចាត់វិធានការដំឡើងពន្ធគយ ចំពោះផលិតផលចិនទាំងអស់។ ប្រទេសចិននឹងចាត់វិធានការ តបតវិញដ៏ចាំបាច់ដើម្បីគាំពារយ៉ាងមុតមាំ នូវផលប្រយោជន៍ របស់សហគ្រាសចិន។ គ្មានកម្លាំងណាមួយអាចរារាំងការអភិវឌ្ឍ និងស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសចិនបានទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន