(ហ្សាការតា)៖ លោក Kaesang Pangarep កូនប្រុសពៅរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានជួបជាមួយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ (KPK) កាលពីថ្ងៃអង្គារ ដើម្បីបកស្រាយពីការប្រើប្រាស់យន្តហោះឯកជនថ្មីៗនេះ។ លោកបានបដិសេធការចោទប្រកាន់ពីបទប្រព្រឹត្តខុស និងបញ្ជាក់ថាយន្តហោះនោះជារបស់មិត្តភក្តិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
របៀបរស់នៅដ៏ប្រណីតរបស់ លោក Kaesang ដែលត្រូវបានបង្ហាញនៅលើបណ្តាញសង្គមដោយភរិយារបស់គាត់ បានបង្កឱ្យមានការរិះគន់ជាសាធារណៈនៅក្នុងប្រទេស។ ការធ្វើដំណើរតាមយន្តហោះឯកជនរបស់ លោក Kaesang និងភរិយាទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុន ក៏បានកើតឡើងបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យរូបលោក ឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់តំបន់នាពេលខាងមុខ។ ទោះជាយ៉ាងណា សភាបានដកសេចក្តីព្រាងច្បាប់នេះចេញវិញបន្ទាប់ពីមានការរិះគន់។
ប្រធានាធិបតី Jokowi កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីការចោទប្រកាន់ថា លោកកំពុងបង្កើតរាជវង្សនយោបាយមុនពេលចាកចេញពីតំណែងនៅខែក្រោយ។ កូនប្រុសច្បងរបស់គាត់គឺ លោក Gibran Rakabuming Raka ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្រុងកាលពីខែកុម្ភៈ ហើយនឹងចូលកាន់តំណែងនៅខែតុលា។
ទីភ្នាក់ងារ KPK នឹងសម្រេចក្នុងសប្តាហ៍ក្រោយថាតើ លោក Kaesang បានរំលោភលើបទប្បញ្ញត្តិណាមួយឬអត់។ ប្រសិនបើត្រូវបានគេរកឃើញថាបានទទួលអំណោយមិនស្របច្បាប់ គាត់អាចនឹងត្រូវបង្ខំឱ្យសងថ្លៃដើមនៃការធ្វើដំណើរតាមយន្តហោះឯកជន។
អ្នកនាំពាក្យរបស់ លោក Kaesang បានបញ្ជាក់ថា ដំបូងឡើយគាត់មានគម្រោងធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មទេ ប៉ុន្តែបានប្តូរទៅជិះយន្តហោះឯកជនរបស់មិត្តភ័ក្តិវិញ ដែលកំពុងធ្វើដំណើរទៅកាន់គោលដៅដូចគ្នា៕