(ប៊ែកឡាំង)៖ ប្លុកអភិរក្សអាល្លឺម៉ង់ ដែលដឹកនាំដោយគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) និងសហភាពសង្គមគ្រិស្តសាសនា (CSU) បានជ្រើសរើស លោក Friedrich Merz មេដឹកនាំគណបក្ស CDU ជាបេក្ខភាពអធិការបតីសម្រាប់ការបោះឆ្នោតសហព័ន្ធនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ការសម្រេចចិត្តនេះ ដែលធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោត គឺសំដៅជៀសវាងការបែកបាក់ផ្ទៃក្នុង និងកំហុសដដែលៗដែលបានកើតឡើងក្នុងយុទ្ធនាការឆ្នាំ ២០២១ ដែលបណ្តាលឱ្យអ្នកអភិរក្សនិយមបានទទួលលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន។
លោក Merz អាយុ ៦៨ ឆ្នាំ ជាអ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកដឹកនាំគណបក្ស CDU តាំងពីឆ្នាំ ២០២២។ លោកបានតស៊ូមតិឱ្យគណបក្សមាននិន្នាការស្តាំនិយម ជាពិសេសលើបញ្ហាអន្តោប្រវេសន៍។ ប្លុកអភិរក្សកំពុងនាំមុខក្នុងការស្ទង់មតិ ដោយមានការគាំទ្រច្រើនជាងការរួមបញ្ចូលគ្នា នៃគណបក្សទាំងបីនៅក្នុងរដ្ឋាភិបាលចម្រុះរបស់អធិការបតី Olaf Scholz។ ទោះជាយ៉ាងណាក៏ដោយ លោក Merz មានប្រជាប្រិយភាពតិចជាងអធិការបតីបច្ចុប្បន្ន លោក Olaf Scholz នៅក្នុងការស្ទង់មតិជាសាធារណៈ។
ការតែងតាំងជាផ្លូវការនៅតែត្រូវការការយល់ព្រមពីគណបក្សអភិរក្ស ប៉ុន្តែបេក្ខភាពរបស់លោក Merz ហាក់មានភាពរឹងមាំ ខណៈដែលគូប្រជែងដ៏មានសក្តានុពលមួយរូបទៀតគឺលោក Hendrik Wuest បានប្រកាសថាលោកនឹងមិនចូលរួមប្រកួតប្រជែងនោះទេ។
លោក Merz បានបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការដឹកនាំប្រទេសអាល្លឺម៉ង់ឆ្ពោះទៅមុខ ដោយផ្តោតលើគោលនយោបាយអន្តោប្រវេសន៍ និងសេដ្ឋកិច្ចជាអាទិភាព។ លោកសង្ឃឹមថានឹងអនុវត្តគោលនយោបាយដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រជាជនអាល្លឺម៉ង់មានមោទនភាពចំពោះប្រទេសរបស់ពួកគេឡើងវិញ៕