(បេរូត)៖ ក្រុមហេសបូឡា បានសន្យាថានឹងសងសឹកអ៉ីស្រាអែល បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការបំផ្ទុះ ឧបករណ៍ទំនាក់ទំនង pager នៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ដោយសម្លាប់មនុស្ស៩នាក់ និងជិត ៣០០០នាក់រងរបួស ក្នុងនោះមានទាំង ក្រុមអ្នកប្រយុទ្ធហេសបូឡា និងអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុងបេរូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Ziad Makary បានថ្កោលទោសការបំផ្ទុះឧបករណ៍ pager ដែលត្រូវបានក្រុមហេសបូឡា និងប្រជាជនលីបង់មួយចំនួនប្រើប្រាស់ ដើម្បីផ្ញើសារទាក់ទងគ្នាទៅវិញទៅមក នៅចំពោះមុខភាពតានតឹងជាមួយអ៉ីស្រាអែល។ ក្រុមហេសបូឡាបាននិយាយថាអ៉ីស្រាអែលនឹងត្រូវទទួលរងទណ្ឌកម្មយ៉ាងស័ក្តិសម ចំពោះហេតុការណ៍បំផ្ទុះនេះ។ ប៉ុន្តែ ខាងអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការចោទប្រកាន់របស់ក្រុមហេសបូឡា។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលលីបង់ តួលេខអ្នកស្លាប់នៅក្នុងការហេតុការណ៍បំផ្ទុះឧបករណ៍ pager កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសលីបង់ បានកើនដល់ ៩នាក់ ខណៈមនុស្ស ២ ៧៥០នាក់រងរបួស។ ឧបករណ៍ pager គឺជាឧបករណ៍ទំនាក់ទំនងមួយដែលក្រុមហេសបូឡាបញ្ជាទិញពីក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដើម្បីផ្ញើសារទាក់ទងគ្នា ជំនួសការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែលកំណត់ទីតាំងទូរស័ព្ទ៕