(បេរូត)៖ ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់លីបង់ និងប្រភពមួយចំនួនទៀត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានដំឡើងគ្រឿងផ្ទុះដ៏តូចមួយ នៅក្នុងឧបករណ៍ pager ជាង ៥០០០គ្រឿង ដែលក្រុមហេសបូឡាបានបញ្ជាទិញពីក្រុមហ៊ុនមួយមានមូលដ្ឋាននៅតៃវ៉ាន់ មុននឹងបំផ្ទុះ ឧបករណ៍ទំនាក់ទំនងនេះកាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា។
ក្រុមហេសបូឡា បានសន្យាថានឹងសងសឹកអ៉ីស្រាអែល បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការបំផ្ទុះឧបករណ៍ទំនាក់ទំនង pager នៅទូទាំងប្រទេសលីបង់ ដែលសម្លាប់មនុស្ស៩នាក់ និងជិត ៣០០០នាក់រងរបួស ក្នុងនោះមានទាំងក្រុមអ្នកប្រយុទ្ធហេសបូឡា និងអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុងបេរូត។
pager គឺជាឧបករណ៍ទំនាក់ទំនងមួយដែលក្រុមហេសបូឡាបញ្ជាទិញពីក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដើម្បីផ្ញើសារទាក់ទងគ្នា ជំនួសការប្រើប្រាស់ ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែលកំណត់ទីតាំងទូរស័ព្ទ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់លីបង់ បានប្រាប់ Reuters ថាក្រុមហេសបូឡាបានបញ្ជាទិញ ឧបករណ៍ pager ៥០០០គ្រឿងពីក្រុមហ៊ុន Gold Apollo ហើយឧបករណ៍ទាំងនេះត្រូវបាននាំចូលលីបង់កាលពីដើមឆ្នាំ២០២៤នេះ។
មន្ត្រីសន្តិសុខជាន់ខ្ពស់នេះដដែល បានបន្ថែមថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានដំឡើងគ្រឿងផ្ទុះដ៏តូចមួយដែលត្រូវបានបញ្ជាឱ្យបំផ្ទុះតាមរយៈ កូដមួយ។ ពោលគឺឧបករណ៍ pager ចំនួន ៣០០០គ្រឿង បានផ្ទុះនៅពេលដែលមានសារកូដមួយត្រូវបានផ្ញើចូលឧបករណ៍ទាំងនោះ ដើម្បីដំណើរការគ្រឿងផ្ទុះ ក្នុងពេលដំណាលគ្នា។ ចំណែក ប្រភពសន្តិសុខផ្សេងទៀត ក៏បានប្រាប់ Reuters ផងដែរថាមានសារធាតុផ្ទុះ៣ក្រាម ដែលត្រូវបានលាក់នៅក្នុងឧបករណ៍ pager ថ្មី ដែលក្រុមហេសបូឡាមិនបានដឹង អស់រយៈពេលជាច្រើនខែ។
ក៏ប៉ុន្តែភ្លាមៗ ខាងអ៉ីស្រាអែល ឬក្រុមហ៊ុន Gold Apollo មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការសាកសួរពី Reuters ទេ ហើយគេក៏មិនទាន់ដឹងថាតើការដំឡើងគ្រឿងផ្ទុះ នៅក្នុងឧបករណ៍ pager ត្រូវបានធ្វើឡើងដោយរបៀបណានោះដែរ៕