(តៃប៉ិ)៖ ក្រុមហ៊ុន Gold Apollo មិនបានផលិតឧបករណ៍ទំនាក់ទំនង pager ដែលបានផ្ទុះនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារម្សិលមិញនោះទេ។ នេះជាការបញ្ជាក់ពីលោក Hsu Ching-Kuang ជាស្ថាបនិកក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះ លោក Hsu Ching-Kuang បានគូសបញ្ជាក់ដូច្នេះថា «ផលិតផលនោះ (pager) មិនមែនជាផលិតផលរបស់ពួកយើង ទេ ដោយគ្រាន់តែមានស្លាកយីហោរបស់យើងនៅលើនោះតែប៉ុណ្ណោះ។ ស្ថាបនិករូបនេះអះអាងថាឧបករណ៍ pager ដែលបានផ្ទុះនៅទូទាំងប្រទេសលីបង់ ត្រូវបានផលិតដោយក្រុមហ៊ុន មួយនៅអឺរ៉ុប ដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់ស្លាកយីហោក្រុមហ៊ុនរបស់លោក។ ប៉ុន្តែ លោកមិនបានបញ្ជាក់ឈ្មោះរបស់ក្រុមហ៊ុនអឺរ៉ុបមួយនោះ នោះទេ ហើយនិយាយថា Gold Apollo ក៏ជាជនរងគ្រោះនៃឧបទ្ទវហេតុផ្ទុះនោះផងដែរ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលលីបង់ តួលេខអ្នកស្លាប់នៅក្នុងការហេតុការណ៍បំផ្ទុះឧបករណ៍ pager កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសលីបង់ បានកើនដល់ ៩នាក់ ខណៈមនុស្ស ២ ៧៥០នាក់រងរបួស។ ប្រភពសន្តិសុខលីបង់ បានប្រាប់ Reuters ថាឧបករណ៍ pager គឺជាឧបករណ៍ទំនាក់ទំនងមួយដែលក្រុមហេសបូឡា បញ្ជាទិញពី ក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ ចំនួន៥០០០គ្រឿង ហើយត្រូវនាំចូលលីបង់កាលពីដើមឆ្នាំ២០២៤។ pager ត្រូវបានហេសបូឡាប្រើប្រាស់ដើម្បីផ្ញើសារ ទាក់ទងគ្នា ជំនួសការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែលកំណត់ទីតាំងទូរស័ព្ទ៕