(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់របស់កម្មវិធី Facebook នោះបានប្រកាសថា ខ្លួនកំពុងហាមឃាត់បណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមួយចំនួន ដោយចោទប្រកាន់ថា បានប្រើល្បិចបោកប្រាស់នានាដើម្បីធ្វើប្រតិបត្តិការដ៏មានឥទ្ធិពលលើវេទិការបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានពង្រីកការអនុវត្តប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ដូចជា Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ហើយឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ត្រូវបានហាមឃាត់ពីកម្មវិធីរបស់យើងជាសកល ដោយសារតែរកឃើញថាមានសកម្មភាពជ្រៀតជ្រែកពីបរទេស»។ ជុំវិញការចោទប្រកាន់បែបនេះពីក្រុមហ៊ុន Meta, អ្នកអានព័ត៌មានរបស់ RT លោក Eunan O'Neill បាននិយាយថា «រុស្ស៊ីទាំងមូលបដិសេធចំពោះការចោទប្រកាន់នេះ ជាពិសេសប្រឆាំងនឹងប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត»។
ការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងម្ចាស់ទីភ្នាក់ងារសារព័ត៌មាន Sputnik លោក Rossiya Segodnya មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ BBC នោះទេ។
គួរជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបាគេមើលឃើញថាស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិច។ ជាពិសេសពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Meta ម្ចាស់ Facebook, Instagram, WhatsApp និង Threads ជាដើម៕