(មូស្គូ)៖ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បង្កជាការឆាបឆេះ និងបង្ខំឱ្យជម្លៀសអ្នកស្រុកក្នុងតំបន់ Tver ដោយក្រុមមន្រ្តីបានឱ្យដឹងនៅថ្ងៃពុធ ទី១៨នេះថា ទីក្រុងកៀវកំណត់គោលដៅលើទីតាំងជាច្រើន នៅភាគខាងលិចនៃប្រទេសរុស្ស៉ី ក្នុងការវាយប្រហារពេញមួយយប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Igor Rudenya អភិបាលតំបន់ Tver ដែលស្ថិតនៅភាគពាយព្យក្រុងមូស្គូ បានឱ្យដឹងតាមបណ្តាញ Telegram ថា បំណែកនៃដ្រូនអ៊ុយក្រែនដែលត្រូវបានបំផ្លាញ បង្កឱ្យមានអគ្គីភ័យក្នុងទីក្រុង Toropets ភាគខាងលិចតំបន់។ ក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះ ខណៈអង្គភាពការពារដែនអាកាសរុស្ស៉ី បន្តទប់ទល់នឹងការវាយប្រហារដោយដ្រូន មកលើទីក្រុងមួយនេះ។

លោក Vasily Anokhin អភិបាលតំបន់ Smolensk ភាគខាងលិចប្រទេសរុស្ស៉ី ក៏បានឱ្យដឹងផងដែរថា ដ្រូន ៧គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងតំបន់នេះ ដែលជាប់ព្រំដែនជាមួយបេឡារុស។ ដោយឡែក ដ្រូន ១៤គ្រឿង​ទៀត​ត្រូវ​បានបាញ់​ទម្លាក់ ​នៅ​លើ​តំបន់ Bryansk ជាប់​ព្រំដែន​អ៊ុយក្រែន ហើយ​ជាច្រើនគ្រឿង​ទៀត​ត្រូវ​បាន​បំផ្លាញ ​នៅ​លើ​តំបន់ Oryol និងតំបន់ Tula។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ បានដោយឯករាជ្យទេ ខណៈអ៊ុយក្រែនមិនទាន់មានការបញ្ជាក់។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA កាលពីឆ្នាំ ២០១៨ រុស្ស៉ីកាលណោះ បាននិង​កំពុង​សាងសង់​ឃ្លាំង​អាវុធ​ សម្រាប់​ស្តុកមីស៉ីល គ្រាប់​រំសេវ និង​គ្រឿងផ្ទុះ​ នៅ Toropets ជា​ទីក្រុង​មាន​អាយុ​កាល ១០០០ឆ្នាំ​ និង​មាន​ប្រជាជន​ត្រឹមតែ​ជាង ១១,០០០នាក់​ប៉ុណ្ណោះ៕