(យូអិន)៖ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូវយ៉ក) មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) នឹងអនុម័តសេចក្តីសម្រេច ដែលទាមទារឱ្យប្រទេសអ៉ីស្រាអែល បញ្ចប់វត្តមានខុសច្បាប់របស់ខ្លួន នៅលើដែនដីប៉ាឡេស្ទីនទាំងអស់ ក្នុងរយៈពេល១២ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

សកម្មភាពនោះនឹងដាក់សម្ពាធអ៉ីស្រាអែល នៅប៉ុន្មានថ្ងៃមុនបណ្តាមេដឹកនាំពិភពលោក នាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ UN។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវឡើងថ្លែងសារ ចំពោះមុខមហាសន្និបាត នាថ្ងៃទី២៦ ខែកញ្ញា ពោលគឺចំថ្ងៃដូចគ្នា ជាមួយប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas។

សេចក្តីសម្រេច ដែលនឹងត្រូវបោះឆ្នោតអនុម័តនោះ មានគោលដៅស្វាគមន៍ ទស្សនៈណែនាំមួយ កាលពីខែកក្កដា ឆ្នាំនេះ របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលបាននិយាយថា ការត្រួតត្រារបស់អ៉ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន ជាអំពើខុសច្បាប់ ហើយគួរតែត្រូវបញ្ចប់ទៅវិញ ជាបន្ទាន់។ ទស្សនៈណែនាំរបស់តុលាការ ICJ ព្រមទាំងសេចក្តីសម្រេច របស់មហាសន្និបាត UN សុទ្ធតែមិនមានលក្ខណៈបង្ខំឱ្យអនុវត្តតាមជាកំហិតឡើយ ប៉ុន្តែពួកវាមានទម្ងន់ខាងផ្នែកនយោបាយ ហើយអាចជះឥទ្ធិពលទៅលើការគាំទ្រ សម្រាប់អ៉ីស្រាអែល។

អ៉ីស្រាអែលបានដណ្តើមកាន់កាប់ តំបន់ West Bank, Gaza Strip និង East Jerusalem ជាតំបន់ដែលប្រជាជនប៉ាឡេស្ទីន ចង់បានដើម្បីបង្កើតរដ្ឋឯករាជ្យ កាលពីក្នុងសង្រ្គាមមជ្ឈិមបូព៌ា ឆ្នាំ១៩៦៧ ហើយចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានសាងសង់ និងពង្រីកជាលំដាប់ នូវការតាំងទីលំនៅរបស់ជនជាតិខ្លួន ក្នុងតំបន់ West Bank។ ចំណែក ចាប់តាំងតែ​ពីខែតុលា ឆ្នាំ២០២៣មក អ៉ីស្រាអែលបានធ្វើសង្រ្គាម នៅតំបន់ Gaza ប្រឆាំងក្រុមហាម៉ាស ឆ្លើយតបការវាយប្រហារទ្រង់ទ្រាយធំ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ លើភាគខាងត្បូងប្រទេសខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំមុន មហាសន្និបាត UN បានអំពាវនាវឱ្យមាន បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅ Gaza ជាមួយសំឡេងគាំទ្រ១២០ប្រទេស។ បន្ទាប់មក នៅខែធ្នូ ប្រទេសចំនួន១៥៣ បានបោះឆ្នោតទាមទារ ឱ្យមានបទឈប់បាញ់។ ខណៈសេចក្តីសម្រេចថ្មីខាងលើ ត្រូវបានរំពឹងថា នឹងទទួលបានការអនុម័ត សំឡេងគាំទ្រប្រហែលអាចតិចជាង សេចក្តីសម្រេច កាលពីឆ្នាំ២០២៣៕