(បេរូត)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានដំឡើងគ្រឿងផ្ទុះដ៏តូចមួយ នៅក្នុងម៉ាស៊ីនផ្ញើសារ pager ដែល ក្រុមហេសបូឡាបានបញ្ជាទិញពីក្រុមហ៊ុនមួយមានមូលដ្ឋាននៅតៃវ៉ាន់ មុននឹងបញ្ជាបំផ្ទុះម៉ាស៊ីននេះព្រមៗគ្នាកាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា។

បើតាមកាសែតអាមេរិក New York Times pager គឺជាម៉ាស៊ីនផ្ញើសារមួយ ដែលក្រុមហេសបូឡាបញ្ជាទិញពីក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់។ ម៉ាស៊ីននេះ ត្រូវបានសមាជិកក្រុមហេសបូឡា ប្រើដើម្បីផ្ញើសារទាក់ទងគ្នា ជំនួសឱ្យការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែល កំណត់ទីតាំងទូរស័ព្ទ។ ហេសបូឡា ត្រូវបានរាយការណ៍ថាបានបញ្ជាទិញម៉ាស៊ីន pager ៥០០០គ្រឿងពីក្រុមហ៊ុន Gold Apollo ហើយម៉ាស៊ីនទាំងនេះត្រូវបាននាំចូលលីបង់ កាលពីដើមឆ្នាំ២០២៤នេះ។

ប្រភពសន្តិសុខផ្សេងទៀត ក៏បានប្រាប់ Reuters ផងដែរថាមានសារធាតុផ្ទុះ៣ក្រាម ត្រូវបានលាក់ នៅក្នុងម៉ាស៊ីន pager ដោយក្រុមហេសបូឡាមិនបានដឹងអស់រយៈ ពេលជាច្រើនខែ។ ហេសបូឡា បានសន្យាថានឹងសងសឹកអ៉ីស្រាអែល ​បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះបានចោទថា អ៉ីស្រាអែលជាអ្នកនៅពីក្រោយការបំផ្ទុះម៉ាស៊ីនផ្ញើសារ pager នៅទូទាំងប្រទេសលីបង់ ដែលសម្លាប់មនុស្ស៩នាក់ និងជិត ៣០០០នាក់ រងរបួស ក្នុងនោះមានទាំងក្រុមអ្នកប្រយុទ្ធហេសបូឡា និងឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំលីបង់ ដែលបានរងរបួសស្រាល។ អ៉ីស្រាអែលមិនបានទទួលស្គាល់ ហើយក៏មិនបានប្រកែកនោះដែរចំពោះការចោទប្រកាន់របស់ហេសបូឡា។

New York Times បានរាយការណ៍ថាអ៉ីស្រាអែលបានដំឡើងគ្រឿងផ្ទុះ នៅក្នុងម៉ាស៊ីន pager ផលិតដោយក្រុមហ៊ុនតៃវ៉ាន់ Gold Apollo មុននឹងម៉ាស៊ីនទាំងនោះត្រូវបាននាំចូល ទៅក្នុងប្រទេសលីបង់។ គ្រឿងផ្ទុះនេះត្រូវបានដំឡើងនៅជិតថ្មរបស់ម៉ាស៊ីន pager ជាមួយការបំពាក់កុងតាក់មួយដែលបញ្ជាឱ្យផ្ទុះពីចម្ងាយបាន។ ក៏ប៉ុន្តែ ក្រុមហ៊ុន Gold Apollo នៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះ បានអះអាងថា pager ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះ មិនមែនជាផលិតផលរបស់ខ្លួនឡើយ ហើយថាវាត្រូវបានផលិតដោយក្រុមហ៊ុន មួយឈ្មោះថា BAC នៅក្នុងប្រទេសហុងគ្រី ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោរបស់ក្រុមហ៊ុន។ «ផលិតផលនោះមិនមែនជារបស់យើងនោះទេ គ្រាន់តែវាមានស្លាកយីហោ របស់យើងនៅលើនោះប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក Hsu Ching-kuang ជាស្ថាបនិកក្រុមហ៊ុន Gold Apollo ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យ របស់ក្រុមហ៊ុននៅក្នុងទីក្រុង New Taipei។

Gold Apollo ថែមទាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៀតផងថាម៉ាស៊ីនផ្ញើសារ pager ម៉ូឌែល AR-924 ត្រូវបានផលិត និងលក់ដោយក្រុមហ៊ុន BAC។ «យើង គ្រាន់តែផ្ដល់សិទ្ធិប្រើប្រាស់យីហោតែប៉ុណ្ណោះ ហើយយើងមិនបានចូលរួមក្នុងការរចនា ឬផលិតផលិតផលនេះនោះទេ»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនមាន មូលដ្ឋាននៅតៃវ៉ាន់មួយនេះ។

លោក Elijah Magnier ជាអ្នកជំនាញយោធា និងជាអ្នកវិភាគសន្តិសុខម្នាក់មានមូលដ្ឋានក្នុងទីក្រុងព្រុចសែល បាននិយាយថាសម្រាប់អ៉ីស្រាអែល ដើម្បីអាចដំឡើងគ្រឿងផ្ទុះ នៅ លើម៉ាស៊ីន pager បាន ពួកគេចាំបាច់ត្រូវតែចូលទៅកាន់ខ្សែចង្វាក់ផលិតម៉ាស៊ីននេះជាមុនសិន។ តាមអ្នកវិភាគរូបនេះ «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល បានទម្លុះចូល ដំណើរការផលិត ដើម្បីអាចដំឡើងគ្រឿងផ្ទុះ និងអាចបញ្ជាឱ្យផ្ទុះពីចម្ងាយបាន»។ តាមលោក Magnier ដើម្បីអាចដំឡើងគ្រឿងផ្ទុះទាំងនេះបាន ប្រាកដណាស់ អ៉ីស្រាអែល ត្រូវតែមានការជួយពីភាគីទី៣ ដែលជាអ្នកផលិត និងលក់ម៉ាស៊ីន pager។

ចំណែក លោក Charles Lister ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute) បាននិយាយថា «ការផ្ទុះម៉ាស៊ីន pager គឺមិនមែនជាការផ្ទុះថ្មលីចូមដែល គេអាចបញ្ជាឱ្យផ្ទុះពីចម្ងាយតាមរយៈការ Hack ចូល ឬបង្កប់វីរុសដែលធ្វើឱ្យថ្មឡើងកម្ដៅនោះឡើយ។ ប៉ុន្តែ វាគឺជាគ្រឿងផ្ទុះបាលិស្ទីគដ៏តូចមួយដែលត្រូវបានគេបង្កប់ជាមួយថ្ម ដើម្បីអាចបញ្ជាឱ្យផ្ទុះពីចម្ងាយតាមរយៈការហៅចូល ឬការផ្ញើសារ»។ លោក Charles Lister បានធ្វើការសន្និដ្ឋាន «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានទម្លុះចូលខ្សែចង្វាក់ផលិតម៉ាស៊ីន pager»។

គួរបញ្ជាក់ថា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah កាលពីដើមឆ្នាំ២០២៤ បានអំពាវនាវឱ្យសមាជិកក្រុមខ្លួន និងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ រស់នៅ ភាគខាងត្បូងប្រទេសលីបង់ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ខ្លួន និងជាទីដែលក្រុមអ្នកប្រយុទ្ធហេសបូឡាកំពុងបាញ់ផ្លោងគ្រាប់ជាមួយកងទ័ពអ៉ីស្រាអែល បញ្ឈប់ការប្រើប្រាស់ ទូរស័ព្ទដៃ ជាពិសេសគឺស្មាតហ្វូន ដើម្បីកុំឱ្យអ៉ីស្រាអែលតាមដាន និងកំណត់ទីតាំងទូរស័ព្ទបាន។ ដូច្នេះហើយ ទើបសមាជិកក្រុមហេសបូឡាងាកទៅប្រើប្រាស់ឧបករណ៍ទាក់ទំនង មិនសូវទំនើប ដូចជា pager។

លោក John Miller ជាអ្នកវិភាគពីព័ត៌មានសម្ងាត់ បានប្រាប់ទូរទស្សន៍ CNN ថាការបំផ្ទុះម៉ាស៊ីន pager គឺជាសារមួយដែលអ៉ីស្រាអែលចង់ផ្ញើទៅកាន់ក្រុមហេសបូឡា នោះគឺ «យើងអាចសម្លាប់ពួកអ្នកឯងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាថ្ងៃមិនថាយប់ ឱ្យតែយើងចង់ ហើយយើងគ្រាន់តែចុចលើប៊ូតង់ក៏អាចធ្វើឱ្យពួកអ្នកឯងសម្លាប់ផងដែរ»។ ប្រតិបត្តិការរបស់អ៉ីស្រាអែលត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថាមានចេតនាបង្កើតជំងឺភ័យខ្លាចមួយ នៅចំណោមក្រុមហេសបូឡា និងដើម្បីធ្វើឱ្យសមត្ថភាពរបស់ ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះឱ្យចុះខ្សោយ ក្នុងការជ្រើសរើសសមាជិកបន្ថែម ព្រមទាំងដើម្បីលុបបំបាត់ទំនុកចិត្តទៅលើមេដឹកនាំហេសបូឡា និងសមត្ថភាពធានា សុវត្ថិភាពដល់ប្រតិបត្តិការ និងសមាជិកក្រុមរបស់ខ្លួន៕