(បេរូត)៖ វិទ្យុទាក់ទងអៃកូមដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា នៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីម៉ាស៊ីនផ្ញើសារ pager របស់ចលនាប្រដាប់អាវុធមួយនេះផ្ទុះព្រមៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថាមនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអៃកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa កាលពីថ្ងៃពុធ ខណៈអ្នកស្លាប់ដោយសារការផ្ទុះម៉ាស៊ីនផ្ញើសារ pager កាលពីថ្ងៃអង្គារ កើនដល់១២នាក់ ក្នុងនោះរួមមានកុមារ២នាក់ និងរបួសជិត ៣០០០នាក់។ ក្រុមមន្ត្រីអ៉ីស្រាអែលមិនបានបញ្ចេញ ប្រតិកម្មអ្វីទេ ប៉ុន្តែប្រភពសន្តិសុខបានប្រាប់ Reuters ថាចារកម្មអ៉ីស្រាអែល Mossad គឺជាអ្នកទទួលខុសត្រូវលើការផ្ទុះអៃកូម និងម៉ាស៊ីនផ្ញើសារ pager។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍ផ្ទុះអៃកូមនេះ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានចោទប្រកាន់អ៉ីស្រាអែលថាកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាម ខណៈសហរដ្ឋអាមេរិកបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះនៅក្នុងប្រទេសលីបង់នោះទេ។ ដោយឡែក ក្រុមហ៊ុនជប៉ុន Icom នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះបាននិយាយថាខ្លួនកំពុងបើក ការស៊ើបអង្កេតមួយ ក្រោយប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាវិទ្យុទាក់ទាងអៃកូមរបស់ក្រុមហេសបូឡាដែលផ្ទុះទាំងនោះ មានស្លាកយីហោក្រុមហ៊ុនរបស់ខ្លួន៕