(ប្រាក)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ស្ថានភាពអាកាសធាតុអាក្រក់ ដែលបង្កឡើងដោយព្យុះ Boris នៅតំបន់ភាគកណ្តាល និង​ភាគខាងកើតទ្វីបអឺរ៉ុប បានបង្កឱ្យចំនួនអ្នកស្លាប់កើនឡើងដល់យ៉ាងហោច ២៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ប៉ូលិសនៃសាធារណរដ្ឋឆែកបាននិយាយថា នៅមានមនុស្សមួយចំនួនទៀត កំពុងបន្តបាត់ខ្លួននៅឡើយ។ សាធារណរដ្ឋឆែក បានទទួលរងការធ្លាក់ភ្លៀងខ្លាំង កាលពីថ្ងៃសុក្រនិង​ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ហើយវាបានបង្កឱ្យកម្ពស់ទឹកតាមដងទន្លេហក់ឡើងខ្ពស់ ជាចម្បងនៅភាគខាងជើងនិងភាគឦសាន នៃប្រទេសដែលមានប្រជាជន ១០.៩លាននាក់មួយនេះ។

គួរបញ្ជាក់ថា ចាបតាំងតែពីសប្តាហ៍មុន ព្យុះ Boris បានបង្កឱ្យមានគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នៅពាសពេញតំបន់​អឺរ៉ុបកណ្តាលនិងខាងកើត ដោយក្រៅពីសាធារណរដ្ឋឆែក ប្រទេសអឺរ៉ុបមួយចំនួនទៀត ដូចជាអូទ្រីស ប៉ូឡូញ និងរូម៉ានី ក៏មានមនុស្ស​បាត់បង់ជីវិត ផងដែរ។ ក្រុមមេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ ដែលរងការប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នឹងជួបជុំគ្នានៅ​ប្រទេសប៉ូឡូញ ដើម្បីជជែកអំពីការផ្តល់ជំនួយពីសហភាពអឺរ៉ុប៕