(វ៉ាស៉ីនតោន)៖ នៅពេលត្រូវបានសាកសួរជុំវិញហេតុការបំផ្ទុះឧបករណ៍ទំនាក់ទំនង នៅក្នុងប្រទេសលីបង់ មន្ទីរបញ្ចកោណ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គ្មានការផ្លាស់ប្តូរណាមួយទេ នៅក្នុងកងកម្លាំងយោធារបស់ខ្លួន ប្រចាំតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ ២០២៤។

លីបង់ និងក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ បានស្តីបន្ទោសអ៉ីស្រាអែលសម្រាប់ការបំផ្ទុះ ដែលបានសម្លាប់មនុស្ស ៣៧នាក់ និងរបួសប្រហែល ៣,០០០នាក់។ អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំមិនឃើញថាមានការផ្លាស់ប្តូរទេ ក្នុងកងកម្លាំងនៅ Eastern Med ឬទីបញ្ជាការកណ្តាលដែលខ្លួនទទួលខុសត្រូវ»

មន្ទីរបញ្ចកោណបញ្ជាក់ថា រាល់ការវាយប្រហារដែលបង្កភាពតានតឹង នៅមជ្ឈិមបូព៌ា នឹងគ្មានប្រយោជន៍ឡើយ។ នៅពេលត្រូវបានសួរ អំពីការជជែកតាមទូរស័ព្ទជាមួយសមភាគីអ៉ីស្រាអែល លោកស្រី Singh និយាយថា «គ្រប់ពេលលោករដ្ឋមន្រ្តីការពារជាតិ Lloyd Austin តែងតែរំលឹកឡើងវិញនូវតម្រូវការរំងាប់ភាពតានតឹង ក្នុងតំបន់។ យើងមិនដែលចង់ឃើញ ជម្លោះរាលដាលឡើយ»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អ៉ីស្រាអែល​មិន​បាន​អត្ថាធិប្បាយ​ចំៗទេ ​សម្រាប់​ការ​វាយ​ប្រហារ​ដែល​ប្រភព​សន្តិសុខ​និយាយ​ថា ​ប្រហែល​ជា​ធ្វើឡើង​ដោយ​ភ្នាក់ងារ​ចារកម្ម​ Mossad របស់​ខ្លួននោះ៕