(កៀវ)៖ នៅសប្តាហ៍ខាងមុខនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងជួបប្រធានាធិបតី លោក ចូ បៃដិន ព្រមទាំងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ហើយទន្ទឹមគ្នាលោកក៏មានផែនការ ចង់ជួបអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ នៅពេលលោកបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្របន្ថែម មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។
សេតវិមានបាននិយាយថា លោក ហ្សេលេនស្គី នឹងមានកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នា នាថ្ងៃទី២៦ ខែកញ្ញា ជាមួយលោក បៃដិន និងជាមួយលោកស្រី ហារីស។ លោកស្រី ហារីស គឺជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សប្រជាធិបតេយ្យ ដែលត្រូវតទល់ជាមួយ បេក្ខជនរបស់បក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ បន្ទាប់ពីលោក បៃដិន បានសម្រេចចិត្តដកខ្លួន ពីការប្រកួតប្រជែង។ លោក ហ្សេលេនស្គី កន្លងមក ធ្លាប់បាននិយាយថា លោកនឹងចែករំលែកផែនការជ័យជម្នះ ជាមួយមេដឹកនាំអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយដាច់ដោយឡែកថា លោក ហ្សេលេនស្គី ក៏មានផែនការចង់ជួបលោក ដូណាល់ ត្រាំ ផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីខាងក្រុមលោក ត្រាំ នៅឡើយទេ។ ទាំងអ៊ុយក្រែន និងទាំងសម្ព័ន្ធមិត្ត NATO សុទ្ធតែមានការព្រួយបារម្ភថា ប្រសិនបើជាប់ឆ្នោត លោក ត្រាំ អាចនឹងកាត់បន្ថយការគាំទ្ររបស់អាមេរិក សម្រាប់ទីក្រុងកៀវ។
គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានអូសបន្លាយជាង៣០ខែហើយ ដោយស្ថានភាពឥឡូវ អ៊ុយក្រែនកំពុងគ្រប់គ្រងផ្នែកខ្លះ នៃតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី ក្រោយការវាយលុកយ៉ាងភ្ញាក់ផ្អើលកាលពីដើមខែសីហា ខណៈកងកម្លាំងរុស្ស៉ីបន្តរុលឆ្ពោះទៅមុខ នៅភាគខាងកើតអ៊ុយក្រែន៕