(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានចំពោះ រដ្ឋាភិបាលលោកខាងលិចថា សង្រ្គាមនៃអាវុធនុយក្លេអ៊ែរច្បាស់ជានឹងផ្ទុះឡើង ប្រសិនបើពួកគេផ្តល់ភ្លើងបៃតង ឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច វាយប្រហារលើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។
លោក Vyacheslav Volodin ប្រធានរដ្ឋសភារុស្ស៉ី និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះ ការបោះឆ្នោតមួយ នៅសភាសហភាពអឺរ៉ុប ដែលមានគោលដៅទទូចឱ្យក្រុមប្រទេស EU ផ្តល់ការអនុញ្ញាតបែបនោះ ដល់ទីក្រុងកៀវ។ លោក Volodin បាននិយាយថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ គឺនឹងនាំទៅរកសង្រ្គាមលោក ដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
កាលពីសប្តាហ៍មុន លោក ពូទីន ផ្ទាល់ ក៏បានព្រមានដែរថា ប្រសិនបើលោកខាងលិចហ៊ានផ្តល់ភ្លើងបៃតង នោះពួកគេនឹងត្រូវធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ សង្រ្គាមនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាយ៉ាងធំមិនធ្លាប់មាន រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ដែលត្រូវបានចាត់ទុកជាពេលមួយ ដែលកំពូលមហាអំណាច សម័យសង្រ្គាមត្រជាក់ទាំងពីរ គឺសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀត (រុស្ស៉ី) ខិតជិតបំផុតទៅរកការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។
ក្នុងសប្តាហ៍នេះ ប្រមុខអង្គការ NATO បាននិយាយថា លោក ពូទីន ធ្លាប់បានប្រកាសអំពី «បន្ទាត់ក្រហម» ជាច្រើនលើក ប៉ុន្តែជម្លោះគឺមិនបានកើនឡើងឡើយ ជាមួយលោកខាងលិច នៅពេលដែលបន្ទាត់ទាំងនោះ ត្រូវបានរំលង។ អ្នកនាំពាក្យលោក ពូទីន បានចេញមុខនិយាយថា ការអត្ថាធិប្បាយបែបនោះ របស់អគ្គលេខាធិការ NATO លោក Jens Stoltenberg មានលក្ខណៈគ្រោះថ្នាក់ និងបង្កហេតុជាខ្លាំង។
ដោយឡែក ជាចុងក្រោយ លោក Volodin បាននិយាយថា ក្រុមប្រទេសអឺរ៉ុប គួរតែយល់ឱ្យច្បាស់ថា វានឹងចំណាយពេលត្រឹមតែ៣នាទី និង២០វិនាទីប៉ុណ្ណោះ ដើម្បីឱ្យមីស៉ីលបាលិស្ទីគអន្តរទ្វីប RS-28 Sarmat ឬ Satan II របស់រុស្ស៉ី អាចវាយប្រហារដល់ទីក្រុង Strasbourg នៅប្រទេសបារាំង ដែលជាទីស្នាក់ការកណ្តាលរបស់សភាអឺរ៉ុប៕