(កៀវ)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសថាទៅដល់ទីក្រុងកៀវ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការគាំទ្ររបស់អឺរ៉ុប ការត្រៀមលក្ខណៈរដូវរងា វិស័យការពារជាតិ និងដំណើរការនៃប្រាក់កម្ចីរបស់ក្រុមប្រទេស G7។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី von der Leyen បានបង្ហោះសារមួយលើបណ្តាញសង្គម X ដូច្នេះថា «វាជាលើកទី៨ របស់ខ្ញុំមកកាន់ទីក្រុងកៀវ ខណៈរដូវក្តៅនឹងមកដល់ឆាប់ៗ ហើយរុស្ស៉ីបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល»។ លោកស្រី Von der Leyen និយាយថា ថវិកាបូកសរុបចំនួន ១៦០លានលានអឺរ៉ូ ពីប្រាក់ចំណូលនៃទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក នឹងត្រូវបែងចែក ដើម្បីបំពេញតម្រូវការមនុស្សធម៌បន្ទាន់របស់អ៊ុយក្រែន សម្រាប់រដូវរងារនេះ។
រុស្ស៉ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អស់ប្រហែល ៩ ជីហ្គាវ៉ាត់ (GW) ដោយលោកស្រី von der Leyen ថាស្មើនឹងថាមពលនៃប្រទេសទាំងបីក្នុងតំបន់បាល់ទិក។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា EU មានបំណងស្តារសមត្ថភាពផលិតថាមពល ២.៥GW ហើយនឹងបង្កើនការនាំចេញដើម្បីផ្គត់ផ្គង់អគ្គិសនី ២GW ដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា នៅឯទីក្រុងកៀវ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ត្រូវជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ដូចជាក្រុមមន្រ្តីអ៊ុយក្រែន៕