(ព្រុចស៊ែល)៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបនឹងផ្តល់ប្រាក់កម្ចីរហូតដល់ ៣៥ ពាន់លានអឺរ៉ូ (ប្រហែល ៣៩ ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះដែលកំពុងជាប់គាំងក្នុងសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកស្រីកំពុងធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ហើយវាគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ក្រុមប្រទេស G7 ដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីគាំទ្រដល់អ៊ុយក្រែនផងដែរ។
អ៊ុយក្រែនកំពុងប្រឈមមុខនឹងតម្រូវការហិរញ្ញវត្ថុដ៏ធំ បន្ទាប់ពីសង្គ្រាមដ៏ខ្លាំងក្លាជាងពីរឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ជាក់ស្តែង រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រហែល ៩ ជីហ្គាវ៉ាត់ (GW)។
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ក្រុមប្រទេស G7 បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រុស្ស៊ីដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ។ ពួកគេបានសន្យាថានឹងប្រើប្រាស់មូលនិធិទាំងនេះដើម្បីជួយអ៊ុយក្រែន ប៉ុន្តែវាត្រូវការពេលវេលាដើម្បីពិភាក្សាអំពីយន្តការនៃការប្រើប្រាស់មូលនិធិទាំងនេះ។
សហភាពអឺរ៉ុបបានសម្រេចចិត្តកាលពីខែឧសភាថា ៩០% នៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក នឹងចូលទៅក្នុងមូលនិធិដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប សម្រាប់ជំនួយយោធាសម្រាប់អ៊ុយក្រែន ហើយ ១០% ផ្សេងទៀតនឹងគាំទ្រដល់ទីក្រុងកៀវ តាមមធ្យោបាយផ្សេងទៀត៕