(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីសញ្ញាថាប្រទេសរបស់លោក បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សង្រ្គាម តាមរយៈការប្រកាសបោះបង់ចោល គោលនយោបាយបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងដោយសន្តិវិធី ហើយថារូបលោកមានសិទ្ធិកម្ទេចកូរ៉េខាងត្បូង។ ជាការបង្ហាញថាលោកមិនមែននិយាយត្រឹមតែមាត់ លោក គីម កាលពីពេលថ្មីៗនេះបានសម្ញែងឱ្យគេបានឃើញជាលើកដំបូងពីរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយអំពាវនាវឱ្យក្រុមមន្ត្រីរបស់លោកប្រឹងប្រែងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងបង្កើនការធ្វើតេស្តមីស៊ីល តួយ៉ាងមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរតាក់ទិក សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងតំបន់អាស៊ី។
ដូច្នេះជាមួយការគំរាមរបស់លោក គីម ជុងអ៊ុន តើសមត្ថភាពយោធាកូរ៉េខាងជើងខ្លាំងប៉ុនណា?
* តើកូរ៉េខាងជើង អាចវាយប្រហារលើសហរដ្ឋអាមេរិក ដែរទេ?
លោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យយោធារបស់លោកសម្រេចឱ្យបាននូវសមត្ថភាពយោធាវាយប្រហារលើសហរដ្ឋអាមេរិក នៅបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តដោយជោគជ័យមីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM មួយមានឈ្មោះថា Hwasong-15 កាលពីឆ្នាំ២០១៧។ ក្រោយមក លោក គីម បានសម្ញែងមីស៊ីលបាលិស្ទីគ ICBM Hwasong-17 នៅឯព្យុហយាត្រាមួយ ក្នុងឆ្នាំ២០២០។ Hwasong-17 ជាប្រភេទមីស៊ីលប្រើឥន្ធនៈរាវ ដែលត្រូវបានក្រុមអ្នកជំនាញនិយាយថាអភិវឌ្ឍឡើងដើម្បីបំពាក់ក្បាលគ្រាប់ច្រើន និងត្រូវបានចាត់ទុកថាជាមីស៊ីល ICBM មានយានទម្របាញ់អាចចល័តបានដ៏ធំបំផុតមួយនៅលើពិភពលោក។ ក្រៅពីមីស៊ីលប្រើឥន្ធនៈរាវ កូរ៉េខាងជើងក៏មានផងដែរមីស៊ីលប្រើឥន្ធនៈរឹង Hwasong-18 ដែលមាន សមត្ថភាពបំពាក់ក្បាល់គ្រាប់កាន់តែធំ និងអាចរៀបចំបាញ់ចេញភ្លាមៗដោយពិបាកធ្វើឱ្យសត្រូវចាប់សញ្ញាដឹងមុន។ ក៏ប៉ុន្តែ វានៅតែមិនទាន់ច្បាស់១០០ភាគរយថាតើមីស៊ីល ICBM របស់កូរ៉េខាងជើង អាចវាយប្រហារទម្លុះខែលប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ហើយទទួលបានកែលម្អគ្រប់គ្រាន់ដើម្បីវាយប្រហារឱ្យចំគោលដៅដែលបានកំណត់ រួមទាំងថាតើ កូរ៉េខាងជើង សម្រេចបានបច្ចកវិទ្យាការពារក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើ ICBM ឱ្យទ្រាំទ្រនឹងកម្ដៅបាន នៅពេលមីស៊ីលហោះចូលក្នុងបរិយាកាសផែនដីវិញ ដែរឬក៏យ៉ាងណា នោះទេ?
* តើកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរប៉ុន្មាន?
ក្រុមអ្នកជំនាញអាមេរិកបានវាយតម្លៃថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី៤០ ដល់៥០គ្រាប់ ដែលនេះជាចំនួនក្បាលគ្រាប់តិចជាងគេ បើធៀបទៅនឹងប្រទេសមាន អាវុធនុយក្លេអ៊ែរទាំង ៨ផ្សេងទៀត។ ប៉ុន្តែ ការវាយតម្លៃមួយធ្វើឡើងដោយវិទ្យាស្ថាន RAND Corp មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២១ និងវិទ្យាស្ថាន Asan (Asan Institute) បានឱ្យដឹងថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោច ១១៦គ្រាប់។ ចំណែក ការសិក្សាមួយផ្សេងទៀតកាលពីឆ្នាំ២០២៣ ចេញផ្សាយដោយវិទ្យាស្ថាន Korea Institute for Defense Analyses មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល បានវាយតម្លៃថាឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងមានក្បាលគ្រាប់ចន្លោះពី៨០ ដល់៩០គ្រាប់ ហើយមានបំណង ផលិតឱ្យបានពី១០០ ដល់៣០០គ្រាប់ក្នុងរយៈពេលវែង។ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ៦លើករួចមកហើយ ក្នុងនោះការធ្វើតេស្ដចំនួន ៤លើកធ្វើឡើងក្រោម ការដឹកនាំរបស់លោក គីម ជុងអ៊ុន។ កូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ២០០៦ ដែលមានកម្លាំងផ្ទុះ ១គីឡូតោន។ នៅឆ្នាំ២០១៧ ការធ្វើតេស្ដនុយក្លេអ៊ែរ មានកម្លាំងផ្ទុះពី១២០ ដល់២៥០គីឡូតោន ពោលខ្លាំងជាងកម្លាំងផ្ទុះរបស់គ្រាប់បែកនុយក្លេអ៊ែរអាមេរិកទម្លាក់លើទីក្រុង Hiroshima និង Nagasaki ក្នុងឆ្នាំ១៩៤៥ ដែលមាន កម្លំាងផ្ទុះពី១៥ ដល់២០គីឡូតោន។ បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២០ កូរ៉េខាងជើងសព្វថ្ងៃ ក៏មានសមត្ថភាពអភិវឌ្ឍ និងបង្រួមក្បាលគ្រាប់ឱ្យ តូចល្មមសម្រាប់បំពាក់លើមីស៊ីលបាលិស្ទីគផងដែរ។
* តើមានអាវុធអ្វីផ្សេងទៀត ដែលកូរ៉េខាងជើងចង់បាន?
លោក គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថាបានបញ្ជាឱ្យយោធារបស់លោក អភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយអាចកំពុងស្វែងរកការគាំទ្រពីរុស្ស៉ី។ ព្យុងយ៉ាង បាន បញ្ចេញនាវាមុជទឹកស៊េរីថ្មីមួយ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយនិយាយថានាវានេះមានសមត្ថភាពបាញ់មីស៊ីលសម្រាប់ការវាយប្រហារនុយក្លេអ៊ែរ។ ប៉ុន្តែក្រុមអ្នកជំនាញលោកខាងលិច យល់ថានាវាមុជទឹកនេះទំនងជានាវាមុជទឹកដំណើរការដោយថាមពលធម្មតាដែលមិនអាចធ្វើប្រតិបត្តិការនៅឆ្ងាយពីដែនទឹកកូរ៉េខាងជើងនោះទេ ហើយក៏ងាយនឹងឱ្យសត្រូវចាប់សញ្ញា បានដែរ។ បន្ថែមពីលើនេះ រូបភាពផ្កាយរណប ក៏បានបង្ហាញដែរថានាវាមុជទឹកថ្មីមួយទៀត ប្រហែលជាកំពុងស្ថិតនៅក្រោមការសាងសង់។ ប៉ុន្តែសំណួរដ៏ធំមួយ នោះគឺថាតើលោក គីម ជុងអ៊ុន យកអ្វីទៅដូរដើម្បីអាចនឹងទទួលបានការជួយពីរុស្ស៉ី? កូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងបានបញ្ជូនអាវុធឱ្យរុស្ស៉ីយកទៅប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមាន ទាំងគ្រាប់កាំភ្លើងធំជាង ៣លានគ្រាប់។ តែព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់នេះ។
* តើកូរ៉េខាងជើងរកលុយពីណាមកផលិតអាវុធទាំងនេះ?
បើតាមទីភ្នាក់ងារស៊ើបការណ៍អាមេរិក កូរ៉េខាងជើងបានចំណាយលុយពី ៧ពាន់លានដុល្លារ ដល់១១ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើវិស័យយោធា។ កញ្ចប់ថវិកាប៉ុនហ្នឹង គឺប្រហាក់ប្រហែល នឹងលុយដែលយោធាអាមេរិកចំណាយក្នុងរយៈពេល ២ថ្ងៃ។ ប៉ុន្តែ ទំហំថវិកានេះ គឺវាច្រើនណាស់សម្រាប់កូរ៉េខាងជើងដែលមានសេដ្ឋកិច្ច ត្រូវបានធនាគារកណ្ដាលកូរ៉េខាងត្បូងវាយតម្លៃថា មានចំណូលប្រហែល ២៩.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ បើតាមក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ការបញ្ជូនអាវុធឱ្យរុស្ស៉ីអាចឱ្យកូរ៉េខាងជើងទទួលបានមកវិញនូវប្រាក់រាប់ពាន់លាន ដុល្លារ ដែលនេះជាការជំរុញសេដ្ឋកិច្ចដ៏ធំមួយសម្រាប់កូរ៉េខាងជើង ចាប់តាំងពីលោក គីម ជុងអ៊ុនឡើងកាន់អំណាចមក។ ម្យ៉ាង ទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច កូរ៉េខាងជើងត្រូវបាន រាយការណ៍ថាអាចរកចំណូលមកបំប៉នកម្មវិធីអាវុធរបស់ខ្លួន តាមរយៈការលួចលាក់លក់ប្រេង ធ្យូងថ្ម និងការវាយប្រហារព័ត៌មាន ឬ Hack ជាដើម ដោយក្នុងនោះសហរដ្ឋអាមេរិក និងអ្នកស៊ើបអង្កេត UN អះអាងថាកូរ៉េខាងជើង រកចំណូលបាន ៣ពាន់លានដុល្លារតាមរយៈឧក្រិដ្ឋកម្មសាយប័រ cybercrime។
* តើកូរ៉េខាងជើង ត្រៀមលក្ខណៈសម្រាប់សង្រ្គាមរួចហើយឬនៅ?
ការសង្ស័យបានកើនឡើងជាលំដាប់ថាលោក គីម ជុងអ៊ុន អាចនឹងប្រែក្លាយការសម្លុតគំរាមរបស់លោក ឱ្យទៅជាការធ្វើសកម្មភាពជាក់ស្ដែង ជាពិសេសនៅក្រោយអ្នកវិភាគ២រូប បានលើកឡើងក្នុងអត្ថបទមួយថាលោក គីម បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រមួយរួចទៅហើយដើម្បីធ្វើសង្រ្គាម។ អ្នកវិភាគ លោក Robert Carlin និងលោក Siegfried Hecker បាននិយាយនៅក្នុងអត្ថបទមួយចុះផ្សាយលើគេហទំព័រ 38 North ថាលោក គីម ជុងអ៊ុន បានបោះបង់ចោលគោលនយោបាយដែលខ្លួនបានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ នោះគឺ ការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រឡប់ទៅរកភាពប្រក្រតី។ ប៉ុន្តែអ្នកជំនាញទាំង២រូប មិនអាចបញ្ជាក់បានទេថាតើនៅពេលណា ឬថាតើលោក គីម មានផែនការចាប់ផ្ដើមសង្រ្គាមយ៉ាងដូចម្ដេច?
ក្រុមមន្ត្រីអាមេរិកវិញ បាននិយាយថាសព្វថ្ងៃ គ្មានសញ្ញាណាមួយបង្ហាញពីការផ្លាស់ប្ដូរថាសង្រ្គាមកំពុងកាន់តែខិតជិតមកដល់នោះទេ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានដែរថាការប្រើអាវុធនុយក្លេអ៊ែរ របស់លោក គីម គឺជាការធ្វើអត្តឃាតខ្លួនឯង។ ណាមួយបើតាមកូរ៉េខាងត្បូង ជំនួយគាំទ្រពីរុស្ស៉ីបាន និងកំពុងជួយលោក គីម រក្សាស្ថិរភាពសេដ្ឋកិច្ច ហើយខណៈលោក គីម ប្រហែលជាកំពុងបានចិត្តកាន់តែខ្លាំង ដោយសារតែមានកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ លោក គីម និងរបបដឹកនាំរបស់លោកអាចនឹងជួបប្រទះនឹងគ្រោះថ្នាក់ដ៏ធំមួយដែលលោក គីម ផ្ទាល់មិនធ្លាប់បានឃើញពីមុនមក ប្រសិនបើលោកហ៊ានបំផ្ទុះសង្រ្គាម៕