(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា លោកស្រីរដ្ឋមន្ត្រី Yoko Kamikawa នឹងជួបសមភាគីចិន លោក Wang Yi នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទូរទស្សន៍ NHK បានរាយការណ៍ថា លោកស្រី Kamikawa នឹងស្នើដល់ភាគីចិន ឱ្យមានការពង្រឹងសន្តិសុខបន្ថែម ក្រោយពីមានហេតុការណ៍ចាក់សម្លាប់ សិស្សសាលាជប៉ុននៅក្នុងប្រទេសចិន។
កុមារម្នាក់រៀននៅសាលាជប៉ុនមួយ ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន បានស្លាប់ដោយការចាក់សម្លាប់ កាលពីសប្តាហ៍មុន ដែលជាការវាយប្រហារលើកទីពីរ ទៅលើមជ្ឈមណ្ឌលអប់រំរបស់ជប៉ុនក្នុងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយចំនួន នៅក្នុងប្រទេសចិនបានស្នើឱ្យបញ្ជូនបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឧប្បត្តិហេតុនេះជាមួយនិងក្តីបារម្ភពីសុវត្ថិភាព ស្របពេលដែលទំនាក់ទំនងប្រទេសទាំងពីរ មិនសូវចុះសម្រុងនឹងគ្នាស្រាប់៕