(កូឡុំបូ)៖ មេដឹកនាំឆ្វេងនិយមរបស់ប្រទេសស្រីលង្កា លោក Anura Kumara Dissanayake បានឡើងកាន់តំណែងជា ប្រធានាធិបតី នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ដោយសន្យាថានឹងធ្វើឱ្យប្រទេសមានការផ្លាស់ប្តូរ ខណៈកំពុងព្យាយាមងើបចេញពី វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ៧ទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសុន្ទរកថាដំបូង នៅឯការិយាល័យប្រធានាធិបតី លោក Dissanayake អាយុ ៥៥ឆ្នាំ បានគូសបញ្ជាក់ថា «ខ្ញុំសូមសន្យាយកចិត្តទុកដាក់ការពារ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ»។ លោកបានបន្ថែមថា «នយោបាយរបស់យើងត្រូវតែស្អាតស្អំ ហើយប្រជាជនអំពាវនាវឱ្យមានវប្បធម៌នយោបាយចម្រុះ។ ខ្ញុំ បានត្រៀមខ្លួនជាស្រេច ដើម្បីប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរនេះ»។
គួរបញ្ជាក់ថា កិច្ចការដែល លោកប្រធានាធិបតីរូបនេះ ត្រូវប្រឈមមុខរួមមាន ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី និងការបញ្ចុះបញ្ចូលសភា ដែលគណបក្សរបស់លោក មានត្រឹមតែ ៣អាសនៈប៉ុណ្ណោះ ក្នុងចំណោម ២២៥ ដើម្បីឈានទៅអនុម័តថវិកាក្រោមលក្ខខណ្ឌ នៃថវិកាសង្គ្រោះចំនួន ២.៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕