(ឡាអេ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទនេះបានចោទប្រកាន់រុស្ស៊ីនៅតុលាការអន្តរជាតិមួយ ពីបទបំពានច្បាប់សមុទ្រអន្តរជាតិ ដោយព្យាយាមគ្រប់គ្រងច្រកសមុទ្រ Kerch ដែលជាច្រកសមុទ្រសំខាន់តភ្ជាប់សមុទ្រ Azov និងសមុទ្រខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ុយក្រែនអះអាងថា រុស្ស៊ីបានសាងសង់ស្ពាននេះដោយចេតនាឱ្យទាបពេក ដើម្បីរារាំងនាវាធំៗមិនឱ្យឆ្លងកាត់ ខណៈពេលដែលអនុញ្ញាតឱ្យនាវារុស្ស៊ីតូចៗអាចឆ្លងកាត់បាន។
រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាខ្លួនមិនបានជ្រៀតជ្រែកក្នុងការធ្វើនាវាចរណ៍ និងបានប្រកែកថា តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អន្តររដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មិនមានយុត្តាធិការលើករណីនេះទេ។
សំណុំរឿងនេះត្រូវបានដាក់ដោយអ៊ុយក្រែនក្នុងឆ្នាំ ២០១៦ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមសាងសង់ស្ពានគ្រីមៀ ដែលភ្ជាប់ឧបទ្វីបគ្រីមៀដែលរុស្ស៊ីបានដាក់បញ្ចូលជាមួយដីគោករបស់ខ្លួន។
គួរបញ្ជាក់ថា ស្ពាននេះមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈ ស្បៀងអាហារ និងទំនិញផ្សេងៗទៅកាន់តំបន់គ្រីមៀ ជាពិសេសទីក្រុង Sevastopol ដែលជាមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ីជាយូរមកហើយ។ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ ស្ពាននេះបានក្លាយជាផ្លូវដឹកជញ្ជូនសំខាន់សម្រាប់កងទ័ពរបស់ខ្លួន។ ចំណែកឯ អ៊ុយក្រែនក៏បានកំណត់គោលដៅវាយប្រហារលើស្ពាននេះជាច្រើនលើកច្រើនសារផងដែរ៕