(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានបង្ហើបឱ្យដឹងថា ខ្លួននឹងពិនិត្យមើល «ផែនការជ័យជម្នះ» របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីបញ្ចប់សង្គ្រាម នៅពេលដែលព័ត៌មានលម្អិតផ្លូវការត្រូវ បានចេញផ្សាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក Zelenskyy គ្រោងនឹងបង្ហាញផែនការនេះ ដល់ប្រធានាធិបតីអាមេរិក Joe Biden និងអ្នកតំណាងផ្សេងទៀតក្នុងដំណើរទស្សនកិច្ចរបស់លោក នៅសហរដ្ឋអាមេរិក ដែលនឹងរួមបញ្ចូលទាំងការថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ។
ផែនការនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់លោក Zelenskyy ដើម្បីទទួលបានការគាំទ្របន្ថែមពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ខណៈដែលអ៊ុយក្រែនកំពុងព្យាយាមបង្ខំរុស្ស៊ីឱ្យបញ្ចប់ជម្លោះនេះ។ មន្ត្រីអ៊ុយក្រែនបានបង្ហើបថា រុស្ស៊ីអាចនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពនៅពេលអនាគត ក្រោមផែនការថ្មីនេះ។
នៅពេលសួរអំពីគំនិតផ្តួចផ្តើមរបស់លោក Zelenskyy អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងមិនធ្វើការវិភាគលើរបាយការណ៍ព័ត៌មាននានាទេ ប៉ុន្តែនឹងពិនិត្យមើលផែនការនេះ នៅពេលដែលមានព័ត៌មានផ្លូវការ។ លោកបានបង្ហាញការព្រួយបារម្ភ អំពីភាពមិនត្រឹមត្រូវនៃព័ត៌មានដែលកំពុងផ្សព្វផ្សាយ ដូច្នេះរុស្ស៊ីនឹងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ៕