(យូអិន)៖ ជារៀងរាល់ខែកញ្ញា បណ្ដាមេដឹកនាំពិភពលោកទាំងអស់ តែងតែធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថានៅឯសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ឬ UNGA។ ការថ្លែងសុន្ទរកថាមានរយៈពេល៦ថ្ងៃ ជាកិច្ចចាប់ផ្ដើមសម័យប្រជុំ UNGA លើកទី៧៩ ត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពី UNGA ក្នុងឆ្នាំ២០២៤នេះ៖
* តើនរណាខ្លះត្រូវថ្លែងសុន្ទរកថា?
នៅពេលអង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ក្រោយសង្រ្គាមលោកលើកទី២ បិទបញ្ចប់ ស្ថាប័នអន្តរជាតិមួយនេះមានសមាជិកត្រឹមតែ៥១ប្រទេសប៉ុណ្ណោះ។ តែ ចាប់តាំងពីពេលនោះមក សមាជិក UN បានកើនដល់ ១៩៣ប្រទេសមកទល់នឹងសព្វថ្ងៃ។ មេដឹកនាំនៃរដ្ឋជាសមាជិកអង្កេតការណ៍ទាំង២ គឺបុរីវ៉ាកង់ និងប៉ាឡេស្ទីន រួមទាំងសហភាពអឺរ៉ុប ក៏មាន សិទ្ធិថ្លែងសុន្ទរកថាផងដែរ។ ជាប្រពៃណី ប្រទេសប្រេស៊ីលតែងតែជាសមាជិកដំបូងដែលនឹងត្រូវថ្លែងសុន្ទរកថា។ នេះក៏ព្រោះតែតាំងពីបង្កើត UN ប្រេស៊ីល ចាប់យកឱកាសថ្លែងសារមុនគេជានិច្ច នៅពេលបណ្ដាប្រទេសដទៃស្ទាក់ស្ទើរថ្លែងសារមុន។ នេះបើតាមក្រុមមន្ត្រី UN។ ដោយឡែក ខណៈទីស្នាក់ការ UN មានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកគឺជាប្រទេសទី២ ដែលនឹងត្រូវ ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត UN។ ក្រោយមកទៀត ការថ្លែងសារនឹងត្រូវផ្អែកលើឋានានុក្រម ដោយក្នុងនោះប្រមុខរដ្ឋនឹងត្រូវថ្លែងសុន្ទរកថាមុនគេ បន្ទាប់មកគឺប្រមុខរដ្ឋស្ដីទី និងព្រះអង្គម្ចាស់រជ្ជទាយាទ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងប្រមុខគណៈប្រតិភូ។ ក្នុងឆ្នាំនេះ មានប្រមុខរដ្ឋ ៨៧រូប អនុប្រធានាធិបតី៣រូប ព្រះអង្គម្ចាស់រជ្ជទាយាទ២អង្គ ប្រមុខរដ្ឋាភិបាល ៤៥រូប ប្រមុខរដ្ឋាភិបាលស្ដីទី៨រូប រដ្ឋមន្ត្រី៤៥រូប និងប្រមុខគណៈប្រតិភូ៤រូប ត្រូវបានរំពឹងថានឹងថ្លែងសុន្ទរថាទៅកាន់មហាសន្និបាត UN។
* តើមានរយៈពេលប៉ុន្មានដើម្បីថ្លែងសុន្ទរកថា?
ជាធម្មតា បណ្ដាមេដឹកនាំទាំងអស់ត្រូវបានស្នើឱ្យថ្លែងសុន្ទរថារយៈពេល ១៥នាទី។ បើតាមកំណត់ត្រារបស់ UN មេដឹកនាំដែលធ្លាប់ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតយូរជាងគេបំផុតគឺ អតីតមេដឹកនាំគុយបា លោក Fidel Castro ដែលក្នុងឆ្នាំ១៩៦០ លោកបានចំណាយពេលថ្លែងសារដល់ទៅជាង៤ម៉ោងកន្លះ។ ហើយថ្មីចុងក្រោយបំផុត គឺអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi ដែលប្រើពេលជាង ១ម៉ោងកន្លះដើម្បីថ្លែងសារទៅកាន់មហាសន្និបាតកាលពីឆ្នាំ២០០៩។
* តើមេដឹកនាំទាំងអស់នឹងត្រូវជជែកពីប្រធានបទអ្វីខ្លះ?
ក្នុងឆ្នាំ២០២៤នេះ សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែននឹងក្លាយជាប្រធានបទស្នូលនៅឯវេទិកាមហាសន្និបាត UN៖
សង្រ្គាមនៅហ្កាហ្សា៖ ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាបានកើនដល់ជាង ៤១ ០០០នាក់ហើយ រីឯស្ថានភាពមនុស្សធម៌ក៏កាន់តែយ៉ាប់យ៉ឺនផងដែរ ខណៈមេដឹកនាំជាច្រើនត្រូវបានរំពឹងថានឹង អំពាវនាវឱ្យមានបទឈប់បាញ់បញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ សង្រ្គាមហ្កាហ្សា បានអូសបន្លាយពេលជិតមួយឆ្នាំ បន្ទាប់ពីបានផ្ទុះឡើងក្រោយការវាយប្រហាររបស់ហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ពោលគឺសង្រ្គាមនេះផ្ទុះឡើងតែជាង ២សប្ដាហ៍ប៉ុណ្ណោះ ក្រោយបណ្ដាមេដឹកនាំពិភពលោកបិទបញ្ចប់សម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨។ មហាសន្និបាត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំដដែល បានអំពាវនាវឱ្យបទឈប់បាញ់ក្រោមបុព្វហេតុមនុស្សធម៌មួយជាបន្ទាន់ និងបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ច្រើនលើសលុប ទាមទារឱ្យមានបទឈប់បាញ់ជាថ្មីម្ដងទៀត នៅខែធ្នូ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបានចោទប្រកាន់ជាយូរមកហើយថា UN ធ្វើសកម្មភាព ប្រឆាំងអ៉ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត នៅថ្ងៃទី២៦ ខែកញ្ញា។
អ៊ុយក្រែន៖ មេដឹកនាំជាច្រើនទំនងជាអំពាវនាវឱ្យមានការបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ២ឆ្នាំកន្លះមកនេះនៅអ៊ុយក្រែន។ មហាសន្និបាតធ្លាប់បានអនុម័តដំណោះស្រាយចំនួន៦ ស្ដីពី សង្រ្គាមអ៊ុយក្រែន ក្នុងឆ្នាំដំបូងនៃសង្រ្គាម ជាមួយការថ្កោលទោស និងទាមទារឱ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន។ ដំណោះស្រាយមួយកាលពីឆ្នាំ២០២២ បានថ្កោលទោសរុស្ស៉ី សម្រាប់ការបញ្ចូលតំបន់ទាំង៤ របស់អ៊ុយក្រែនជាផ្នែកមួយនៃទឹកដីរបស់រុស្ស៉ី ដោយនៅពេលនោះមានប្រទេសចំនួន១៤៣ បានបោះឆ្នោតគាំទ្រលើដំណោះស្រាយថ្កោលទោសនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត នៅថ្ងៃពុធ ទី២៥ ខែកញ្ញា។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូកាលពីឆ្នាំ២០២០ អំឡុងការឆ្លងរាតត្បាកូវីដ១៩ តែលោកមិនធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថានោះទេចាប់តាំងពីឆ្នាំ២០១៥មក។ ដូច្នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងត្រូវថ្លែងសារតំណាងឱ្យលោក ពូទីន ទៅកាន់មហាសន្និបាតនៅថ្ងៃទី២៨ ខែកញ្ញា។
អាកាសធាតុ៖ ខណៈបណ្ដាមេដឹកនាំពិភពលោកកំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យកម្ដៅផែនដីកើនឡើងលើស ១.៥អង្សាសេ មេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក និងប្រទេសដទៃទៀតដែល ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ អាចនឹងប្រើប្រាស់សុន្ទករថារបស់ពួកគេ ទៅកាន់មហាសន្និបាតដើម្បីទទូចជាថ្មីម្ដងទៀតឱ្យពិភពលោកទាំងមូលធ្វើសកម្មភាពជាក់ស្ដែង ដើម្បី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN៖ បណ្ដាមេដឹកនាំពិភពលោក ជាពិសេសមកពីអាហ្វ្រិក និងប្រទេសធំៗដូចជាប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា និងជប៉ុន ត្រូវបានរំពឹងថានឹងអំពាវនាវឱ្យមាន ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN មានសមាជិក១៥ប្រទេស និងដែលទទួលបន្ទុកថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ ការធ្វើកំណែទម្រង់នេះគឺជាបញ្ហាស្មុគស្មាញដែលត្រូវបាន ជជែកដេញដោលជាយូរមកហើយដោយមហាសន្និបាត ប៉ុន្តែការជជែកដេញដោលពីប្រធានបទនេះកាន់តែផុលផុសឡើង បន្ទាប់ពីរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ហើយបានប្រើប្រាស់សិទ្ធិ វេតូរបស់ខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខដើម្បីប្រឆាំង និងរាំងខ្ទប់រាល់ដំណោះស្រាយប្រឆាំងនឹងមូស្គូ។ សហរដ្ឋអាមេរិកវិញក៏ត្រូវបានរិះគន់ដែរ សម្រាប់ការប្រើប្រាស់សិទ្ធិវេតូដើម្បីការពារសម្ព័ន្ធមិត្ត របស់ខ្លួន តួយ៉ាងដូចជាអ៉ីស្រាអែល។ សំណើនៃការធ្វើកំណែទម្រង់ក្នុងនោះក៏រួមមានផងដែរ ការបញ្ចូលសមាជិកបន្ថែមទៅក្នុងក្រុមប្រឹក្សាសន្តិសុខ តាមរយៈការបន្ថែមអំណាចវេតូអចិន្ត្រៃយ៍ ឬជាសមាជិកជាប់ឆ្នោតរយៈពេលខ្លី ដើម្បីដាក់កំហិតលើអំណាចវេតូ ដែលសព្វថ្ងៃស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង។
ប៉ុន្តែ រាល់ការធ្វើកំណែទម្រង់ ឬកែប្រែណាមួយចំពោះសមាជិកក្រុមប្រឹក្សាសន្តិសុខ UN អាចធ្វើទៅកើត ទាល់តែមានការធ្វើកំណែទម្រង់ ឬការកែប្រែធម្មនុញ្ញ UN ជាមុនសិន ហើយការធ្វើបែបនេះ ចាំបាច់ត្រូវតែមានការអនុម័ត និងការផ្ដល់សច្ចាប័នពីសមាជិក ២ភាគ៣ នៃមហាសន្និបាត ក្នុងនោះរួមមានទាំងសមាជិកទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខដែលមានអំណាចវេតូ៕