(បរទេស)៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Telegram បានក្លាយជាកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមមួយដែល មានប្រជាប្រិយភាពខ្លាំង និងទទួលបានគាំទ្រ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ អ្នកប្រើប្រាស់បានកើនឡើងដល់ជិត ១ពាន់លាននាក់។ ស្របពេលដែលចំនួនអ្នកប្រើបានកើនឡើង អ្នកនយោបាយ និងបណ្ដាប្រទេសមួយចំនួនមានការមិនពេញចិត្ត និងខឹងសម្បារដោយសារតែ Telegram មិនអាចទប់ស្កាត់ ឬលុបចោលនូវខ្លឹមសារមាតិកា ដែលផ្ទុយពីច្បាប់របស់ប្រទេសពួកគេ។
តើមានប្រទេសណាខ្លះ ដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធីមួយនេះ?
១៖ ប្រទេសដែលហាមឃាត់ការប្រើប្រាស់កម្មវិធី Telegram ជាអចិន្ត្រៃយ៍៖
ប្រទេសចិន៖ វាមិនខុសពីកម្មវិធីមួយចំនួនរបស់អាមេរិកឡើង Telegram ត្រូវបានបិទនៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារដោយតាមអនឡាញដ៏ធំ (DDoS) ហើយការហាមឃាត់កម្មវិធីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលចិនអះអាងថា ជាការគ្រប់គ្រងទៅលើលំហូរព័ត៌មាន និងមាតិកាក្លែងក្លាយ។
ប្រទេសអ៊ីរ៉ង់៖ បានហាមឃាត់កម្មវិធី Telegram ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានជួយដល់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ បន្ទាប់ពីហាមឃាត់ Telegram រួច អាជ្ញាធរអ៉ីរ៉ង់បានផ្សព្វផ្សាយ និងណែនាំឱ្យប្រជាជនជ្រើសរើសប្រើប្រាស់កម្មវិធីក្នុងស្រុកជំនួសវិញ។
២៖ ប្រទេសដែលបានហាមឃាត់ជាបណ្តោះអាសន្ន និងបានដាក់លក្ខខណ្ឌ៖
ប្រទេសរុស្ស៊ី៖ ប្រទេសមួយនេះ បានហាមឃាត់ការប្រើប្រាស់ Telegram កាលពីឆ្នាំ២០១៨ ប៉ុន្តែបានបើកឱ្យប្រើប្រាស់វិញនៅឆ្នាំ ២០២០។ មូលហេតុដែលហាមឃាត់នោះគឺដោយសារតែ Telegram បានបដិសេធមិនផ្តល់ទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល ហើយចំពោះការដកបម្រាមវិញ ត្រូវបានធ្វើឡើងនៅពេលដែល Telegram បានយល់ព្រមសហការជាមួយរដ្ឋាភិបាល និងគោរពទៅតាមបទប្បញ្ញត្តិ។
ប្រទេសប៉ាគីស្ថាន៖ មិនមានសេចក្ដីប្រកាសជាផ្លូវការក្នុងការហាមឃាត់កម្មវិធី Telegram នៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែជារឿុយៗនៅរាល់ពេលមានចលាចល ឬបាតុកម្ម គឺប្រជាពលរដ្ឋនៅក្នុងប្រទេសនេះមិនអាចចូលទៅប្រើប្រាស់កម្មវិធី Telegram បានឡើយ រហូតដល់ស្ថានការណ៍មានស្ថិរភាព ទើបអាចប្រើបានធម្មតា។
៣៖ ប្រទេសដែលបានរឹតត្បិត និងត្រួតពិនិត្យ៖
ប្រទេសឥណ្ឌា៖ កម្មវិធី Telegram ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាំងពីមុនពេល CEO ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។ ប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ក្រោមបទចោទក្នុង សកម្មភាពឧក្រិដកម្មផ្សេងៗ ដូចជាការបែកធ្លាយ និងចែកចាយរូបភាពអាសអាភាស ជាពិសេសគឺរូបកុមារ និងការបែកធ្លាយវិញ្ញាសារប្រឡង។ ការហាមឃាត់ Telegram អាចត្រូវបានពិចារណា អាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។
ប្រទេសអាល្លឺម៉ង់៖ បានចេញសេចក្ដីប្រកាសហាមឃាត់កម្មវិធី Telegram នៅឆ្នាំ២០២២ ដោយសារតែបានរំលោភលើច្បាប់ «ពាក្យសំដីស្អប់ខ្ពើម» ប៉ុន្តែបានបើកដំណើរការឡើងវិញ ជំនួសដោយការផាកពិន័យជាប្រាក់ចំនួន៥លានអឺរ៉ូ សម្រាប់ការមិនអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុក។
ប្រទេសន័រវែស៖ ហាមប្រើប្រាស់កម្មវិធី Telegram នៅលើឧបករណ៍ការងារសម្រាប់មន្ត្រីរដ្ឋាភិបាល ដោយសារបញ្ហាសន្តិសុខជាតិ ជាពិសេសពីប្រទេសរុស្ស៊ី និងចិន។
ប្រទេសតួកគី៖ ប្រទេសមួយនេះ បានរឹតបន្តឹងការប្រើប្រាស់ Telegram ទៅតាមពេលវេលា ជាពិសេសក្នុងអំឡុងពេលដែលមានភាពរសើបផ្នែកនយោបាយ ឬនៅពេលដែល Telegram ត្រូវបានប្រើសម្រាប់ការតវ៉ាប្រឆាំងរដ្ឋាភិបាល។
អារ៉ាប់រួម៖ អារ៉ាប់រួម មិនបានហាមឃាត់ ឬរឹតបណ្ដឹងទៅលើកម្មវិធីមួយនេះនោះទេ ប៉ុន្តែបានរឹតបន្តឹងជាចម្បងចំពោះមុខងារ Voice និង Video ដោយសាររដ្ឋាភិបាលគ្រប់គ្រងសេវាទូរស័ព្ទតាមអ៊ីនធឺណិត។
បេឡារុស្ស៖ មិនមានការហាមឃាត់ជាផ្លូវការទេ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់គឺអាចប្រឈមនឹងហានិភ័យសំខាន់ៗមួយចំនួន ជាពិសេសអ្នកដែលចូលរួមក្នុងក្រុម Telegram ត្រូវបានរដ្ឋាភិបាលបានកំណត់មុខសញ្ញាថា ជាក្រុមជ្រុលនិយម។
៤៖ ការហាមឃាត់ក្នុងរយៈពេលខ្លី
ប្រទេសថៃ៖ ត្រូវបានហាមឃាត់រយៈពេលខ្លីចាប់នៅឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា Telegram បានជួយដល់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលនាំឱ្យមានការបង្ក្រាបលើអ្នកប្រឆាំង ពោលគឺមានដូចគ្នាទៅនឹងប្រទេសអ៉ីរ៉ង់។
អេស្បាញ៖ បានហាមប្រាម Telegram ក្នុងខែមីនា ឆ្នាំ ២០២៣ ដោយសារការព្រួយបារម្ភអំពីការរក្សាសិទ្ធិ (copyright) ប៉ុន្តែការហាមប្រាមនេះត្រូវបានដកចេញវិញយ៉ាងឆាប់រហ័ស៕