(ញូវយ៉ក)៖ បណ្តាប្រទេសកំពុងអភិឌ្ឍន៍ បានលើកជាសំណើនៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) ដល់ក្រុមប្រទេសអ្នកមានទាំងអស់នៃពិភពលោក ឱ្យជួយពួកគេដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤។
មេដឹកនាំនៃប្រទេសដីកោះតូចៗ ដែលភាគច្រើនប្រឈមនឹងហានិភ័យនៃការកើនឡើង នូវកម្រិតទឹកសមុទ្រ បាននិយាយថា វាដល់ពេលហើយ សម្រាប់ប្រទេសដែលប្រើប្រាស់ឥន្ធនៈហ្វូស៉ីលភាគច្រើន និងដែលជាដើមចមនៃការឡើងកម្តៅផែនដីនោះ បញ្ឈប់ការប្រើលុយបំបិទមាត់ ជុំវិញបញ្ហានេះ។
លោក Cedric Schuster រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសដែនកោះសាម័រ (Samoa) និងជាប្រធានសម្ព័ន្ធនៃរដ្ឋកោះតូចៗ ហៅកាត់ AOSIS បញ្ជាក់ថា «យើងទាមទារឱ្យមានការពារប្រជាជនរបស់យើង។ យើងត្រូវការប្រទេសទាំងអស់ ប៉ុន្តែជាពិសេស G20 ដើម្បីដឹកនាំលើការងារកាត់បន្ថយការបំភាយឧស្ម័ន និងហិរញ្ញវត្ថុផ្នែកអាកាសធាតុ»។
ថ្លែងសារស្រដៀងគ្នា ក្នុងនាមប្រទេសអភិវឌ្ឍន៍តិចតួច រដ្ឋមន្ត្រីអាកាសធាតុ និងធនធានធម្មជាតិរបស់ប្រទេសម៉ាឡាវី លោក Yusuf Mkungula ក៏បានលើកឡើងផងដែរថា ប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ត្រូវតែជាអ្នកដឹកនាំផ្លូវ។ ដោយឡែក លោក Phillip Davis នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះបាហាម៉ាស (Bahamas) បានប្រាប់ Reuters ថា«បញ្ហាអាកាសធាតុ រត់មករកយើងកាន់តែលឿន និងញឹកញាប់ ហើយសូមអង្វរករដល់ប្រទេសអ្នក រក្សាការផ្តោតអារម្មណ៍លើបញ្ហានេះ។
គួរបញ្ជាក់ថា AOSIS កំពុងទាមទារឱ្យមានការការពារកាន់តែខ្លាំងឡើង នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាអាកាសធាតុពិភពលោក។ ប្រទេសសាម័រ បានលើកចំៗដល់ឈ្មោះប្រទេសមានសេដ្ឋកិច្ចធំៗ G20 ថាបានចំណែកជាង ៨០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ទូទាំងពិភពលោក៕