(ប៉េរូត)៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណដែលមាន QR កូដ «ដ៏គ្រោះថ្នាក់» នៅជ្រលង Bekaa ភាគខាងកើតនៃប្រទេសលីបង់។ ក្រុមនេះបានព្រមានថា ការស្កេនលេខកូដនេះអាចនាំឱ្យបាត់បង់ទិន្នន័យទាំងអស់នៅលើទូរស័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ។ ចំណែកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាលីបង់ ក៏មិនបាននិយាយថាតើមានអ្វីផ្សេងទៀតត្រូវបានសរសេរនៅលើខិត្តប័ណ្ណនោះដែរ។
គួរបញ្ជាក់ថា ក្រោយធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានៅតាមបណ្ដោយព្រំដែនភាគខាងត្បូងរបស់ខ្លួន ជិតមួយឆ្នាំមកនេះ អ៉ីស្រាអែលបច្ចុប្បន្នបានផ្លាស់ប្ដូរ ការផ្តោតទៅលើព្រំដែនភាគខាងជើងជាប់ជាមួយលីបង់វិញ ជាទីដែលអ៉ីស្រាអែល និងហេសបូឡា បានបាញ់ផ្លោងគ្រាប់ដាក់គ្នាស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។
កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ទៅលើទីតាំងរបស់ក្រុមហេសបូឡារាប់រាយកន្លែង ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៤៩២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស។ ចំណែក មនុស្ស ២៦ ០០០នាក់បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការវាយប្រហារតាមរបស់អ៉ីស្រាអែល៕