វិភាគអន្តរជាតិ៖ ជម្លោះអ៉ីស្រាអែល-ហេសបូឡាផ្ទុះឡើងកាន់តែខ្លាំង តើវាជាសង្រ្គាមហើយឬ?
(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើផ្នែកជាច្រើននៃប្រទេសលីបង់ សម្លាប់មេបញ្ជាការក្រុមហេសបូឡានៅក្នុងរដ្ឋធានីបេរូត ហើយថែមទាំង ជាប់សង្ស័យថាបានលួចបង្កប់គ្រាប់បែកនៅក្នុងម៉ាស៊ីនផ្ញើសារ pager និងវិទ្យុទាក់ទងអាយកូម ដែលត្រូវបានប្រើប្រាស់ដោយសមាជិកហេសបូឡាទៀតផង។ ហេសបូឡាវិញ បានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនចូលជ្រៅក្នុងតំបន់ភាគខាងជើងអ៉ីស្រាអែល ដោយបណ្ដាលឱ្យអគារ និងរថយន្ដមួយចំនួនផ្ទុះឆេះ។ ក៏ប៉ុន្តែ គ្មានភាគីណាមួយចាត់ទុក ការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមកនេះថាជាសង្រ្គាមនៅឡើយទេ។
ក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយថាពួកគេមិនចង់មានសង្រ្គាមជាមួយហេសបូឡាទេ ហើយថាសង្រ្គាមនៅតែអាចបញ្ចៀសបាន ប្រសិនបើហេសបូឡាបញ្ឈប់ការវាយប្រហារ របស់ខ្លួន និងដកថយចេញពីតំបន់ព្រំដែន។ ចំណែក ហេសបូឡាបញ្ជាក់ដូចគ្នាដែរថាពួកគេមិនចង់ធ្វើសង្រ្គាមឡើយ តែបានត្រៀមលក្ខណៈជាស្រេចសម្រាប់សង្រ្គាម ហើយ ថានឹងបន្តវាយប្រហារលើអ៉ីស្រាអែល ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក រហូតទាល់តែមានបទឈប់បាញ់បញ្ចប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា។ ចាប់តាំងពីពេល នោះមក អ៉ីស្រាអែល និងហេសបូឡាបានបាញ់ផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែ ការវាយប្រហារដាក់គ្នានេះបានឈានចូលដល់ដំណាក់កាលថ្មីទៀតកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ជាពេលដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ៤៩២នាក់ ដែលនេះជាចំនួនអ្នកស្លាប់ច្រើនបំផុត មួយមិនធ្លាប់មានត្រឹមរយៈពេលមួយថ្ងៃ គិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦។
* ដូច្នេះថាតើមានការឯកភាពគ្នាលើនិយមន័យសង្រ្គាម ដែរឬទេ?
វចនានុក្រម Merriam-Webster បានកំណត់និយមន័យពាក្យ «សង្រ្គាម» ថាជាស្ថានភាពមួយនៃការប្រកាសដោយបើកចំហពីជម្លោះប្រដាប់អាវុធរវាងរដ្ឋ និងរដ្ឋ ឬប្រទេស និងប្រទេស ខណៈក្រុមអ្នកជំនាញបានពង្រីកនិយមន័យនេះ ដោយគ្របដណ្ដប់លើអំពើហិង្សាទ្រង់ទ្រាយធំដែលមានជាប់ពាក់ព័ន្ធនឹងការបះបោរ ក្រុមសកម្មប្រយុទ្ធ និងក្រុមជ្រុលនិយមជាដើម។ ក៏ប៉ុន្តែ ការកំណត់និយមន័យឱ្យជាក់លាក់ គឺមានលក្ខណៈស្មុគស្មាញ ក៏ដោយសារតែជម្លោះប្រដាប់អាវុធដំណើរការទៅរាប់ចាប់ពីការប្រយុទ្ធគ្នា ដោយប្រើរថក្រោះ យន្ដហោះចម្បាំង រហូតដល់ការប្រយុទ្ធគ្នាទ្រង់ទ្រាយតូច។ ពោលគឺការកំណត់និយមន័យសង្រ្គាមឱ្យបានច្បាស់ លុះត្រាតែប្រទេសមួយប្រកាសសង្រ្គាម ជាផ្លូវការប្រឆាំងនឹងប្រទេសមួយទៀត ឬចលនាប្រដាប់អាវុធណាមួយ។ ជាឧទាហរណ៍ដូចជាអ៉ីស្រាអែលប្រកាសធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។
មកទល់នឹងម៉ោងនេះ អ៉ីស្រាអែលមិនទាន់ប្រកាសធ្វើសង្រ្គាមជាមួយក្រុមហេសបូឡានោះទេ តែជារឿយៗក្រុមមន្ត្រីអ៉ីស្រាអែល តែងតែទាញភ្ជាប់ការវាយប្រហាររបស់ខ្លួនប្រឆាំង នឹងហេសបូឡា ទៅនឹងសង្រ្គាមហ្កាហ្សា។ តួយ៉ាង រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីសប្ដាហ៍មុនបាននិយាយថាការអនុញ្ញាតឱ្យប្រជាជនអ៉ីស្រាអែល រាប់ម៉ឺននាក់ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនៅតាមបណ្ដោយព្រំដែនភាគខាងជើង គឺជាកម្មវត្ថុមួយនៅក្នុងសង្រ្គាមហ្កាហ្សា។ វាក៏មានផងដែរការនិយាយថា អ៉ីស្រាអែលកំពុងខិតកាន់តែជិតនឹងសង្រ្គាមជាមួយអ៉ីរ៉ង់ ព្រមទាំងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងសមរភូមិ៧ទិស ក្នុងនោះរួមមានទាំងលីបង់។ ជាទម្លាប់ ប្រទេស ឬរដ្ឋមួយចំនួន តែងតែចៀសវាងពីការប្រកាសសង្រ្គាមជាផ្លូវការ បើទោះជាការពិតពួកគេកំពុងធ្វើសង្រ្គាមរួចទៅហើយក៏ដោយ។ ឧទាហរណ៍៖ រុស្ស៉ីបានហៅការឈ្លានពានរបស់ខ្លួនប្រឆាំង អ៊ុយក្រែន ជា «ប្រតិបត្តិការយោធាពិសេស» ហើយថែមទាំងហាមមិនឱ្យប្រជាជនរុស្ស៉ីហៅវាថាជាសង្រ្គាមទៀតផង។ សហរដ្ឋអាមេរិកវិញមិនធ្លាប់បានប្រកាសសង្រ្គាមជាផ្លូវការ នោះទេ ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់ទៅ បើទោះជាអាមេរិកចូលរួមក្នុងសង្រ្គាមនៅកូរ៉េ វៀតណាម អ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានក៏ដោយ។
* ហេតុអ្វីគ្មានភាគីណាមួយចង់ហៅជម្លោះសព្វថ្ងៃថាជាសង្រ្គាម?
ហេតុផលមួយផ្នែកដែលទាំងអ៉ីស្រាអែល និងហេសបូឡា មិនចង់ហៅជម្លោះសព្វថ្ងៃថាជា «សង្រ្គាម» នោះគឺដោយសារតែភាគីទាំង២ នៅតែរំពឹងថាពួកគេអាចនឹងសម្រេច គោលដៅរបស់ខ្លួនបាន ដោយមិនចាំបាច់ធ្វើឱ្យសង្រ្គាមធំ ឬទាំងស្រុងផ្ទុះឡើង ឬក៏មិនចង់ជាប់ឈ្មោះជាអ្នកបង្កសង្រ្គាម។ លោកស្រី Lina Khatib ជាអ្នកជំនាញខាងកិច្ចការ មជ្ឈិមបូព៌ា មកពីវិទ្យាស្ថាន Chatham House បាននិយាយថា «ទោះជាភាពតានតឹងកំពុងឆាបឆេះក៏ដោយ ក៏ស្ថានភាពតំបន់ភាគខាងត្បូងលីបង់ មិនទាន់ផ្ទុះទៅជាសង្រ្គាម ទាំងស្រុងនៅឡើយទេ ខណៈទាំងអ៉ីស្រាអែល និងហេសបូឡា សង្ឃឹមថាអាចនឹងប្រើប្រាស់មធ្យោបាយមានដែនកំណត់ដើម្បីដាក់សម្ពាធលើគ្នាទៅវិញទៅមក»។
ជាមួយការបាញ់គ្រាប់រ៉ុក្កែត និងដ្រូន ហេសបូឡាសង្ឃឹមថាអាចនឹងដាក់សម្ពាធឱ្យអ៉ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់ជាមួយក្រុមហាម៉ាស និងចង់បង្ហាញឱ្យគេឯង បានឃើញដែរថាក្រុមរបស់ខ្លួនមិនបានចុះញ៉មនឹងសម្ពាធពីអ៉ីស្រាអែលនោះឡើយ។ ហេសបូឡា បាននិយាយម្ដងហើយម្ដងទៀតថាពួកគេនឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើ មានបទឈប់បាញ់បញ្ចប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា។ តែមកទល់ឥលូវ ក្ដីសង្ឃឹមនៃការសម្រេចបានបទឈប់បាញ់នៅតែស្ថិតក្នុងភាពស្រពេចស្រពិល។ ក្នុងពេលដំណាលគ្នា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងសំដៅបញ្ឈប់ការវាយប្រហារ ដើម្បីអាចឱ្យប្រជាជនអ៉ីស្រាអែលត្រឡប់ទៅកាន់ផ្ទះ របស់ពួកគេវិញ។ ត្រង់សម្ដីរបស់លោក Netanyahu លោក Andreas Krieg ជាអ្នកវិភាគខាងយោធាម្នាក់មកពីសាកលវិទ្យាល័យ King’s College មានមូលដ្ឋានក្នុងទីក្រុង ឡុងដ៍ បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញំគិតថាអ៉ីស្រាអែលកំពុងព្យាយាមបញ្ជូនសារប្រាប់ហេសបូឡាថាបើអ្នកឯងត្រឡប់មករកតុចរចា យើងនឹងដោះស្រាយបញ្ហាតាមផ្លូវការទូត បើ ពុំដូច្នោះទេ យើងនឹងរុញអ្នកឯងឱ្យដើរដល់ផ្លូវទាល់តែច្រក រហូតទាល់តែអ្នកឯងទ្រាំលែងបាន ហើយសង្រ្គាមទាំងស្រុងនឹងផ្ទុះឡើង»។
* តើសង្រ្គាមទាំងស្រុងអាចមានទ្រង់ទ្រាយបែបណា?
ក្រុមអ្នកជំនាញជាច្រើនបានឯកភាពគ្នាថាសង្រ្គាមណាមួយរវាងអ៉ីស្រាអែល និងហេសបូឡា នៅពេលអនាគត អាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងសង្រ្គាមដែលគូសត្រូវទាំង២ ធ្លាប់បានប្រយុទ្ធគ្នាក្នុងឆ្នាំ២០០៦ ហើយវាក៏អាចអូសឱ្យអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមបែបនេះផងដែរ។ ជាច្រើនឆ្នាំមកហើយ ក្រុមមន្ត្រីអ៉ីស្រាអែលបានព្រមានថា នៅក្នុងសង្រ្គាមថ្មីណាមួយជាមួយហេសបូឡា កងទ័ពអ៉ីស្រាអែលនឹងធ្វើឱ្យលីបង់ខ្ទេចខ្ទី ដោយពួកគេនឹងបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងមូលដ្ឋានរបស់ហេសបូឡា។ ការគំរាមនេះធ្វើឡើងនៅក្រោមគោលនយោបាយ «Dahiyeh Doctrine» យកឈ្មោះតាមតំបន់ទីប្រជុំមួយស្ថិតភាគខាងត្បូង នៃរដ្ឋធានីបេរូត ដែលជាទីស្នាក់ការកណ្ដាលរបស់ ក្រុមហេសបូឡា និងដែលធ្លាប់រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងសង្រ្គាមកាលពីឆ្នាំ២០០៦។
តែចាប់តាំងពីឆ្នាំ២០០៦មក ហេសបូឡាបានចាយពេលរាប់ឆ្នាំ ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធរបស់ខ្លួន ហើយត្រូវបានគេជឿជាក់ថាមានគ្រាប់រ៉ក្កែត និងមីស៊ីល ១៥០ ០០០គ្រាប់ ដែលមានសមត្ថភាពវាយប្រហារលើផ្នែកទាំងអស់នៃទឹកដីអ៉ីស្រាអែល។ ការកើនឡើងសមត្ថភាពរបស់ហេសបូឡានេះឯងបានបង្កើតជាស្ថានភាពមួយដែល ហេសបូឡា និងអ៉ីស្រាអែលញញើតគ្នាទៅវិញទៅមក ដែលជាផ្នែកមួយបានរក្សាភាពស្ងប់ស្ងាត់នៅតាមបណ្ដាព្រំដែនចាប់តាំងពីឆ្នាំ២០០៦ រហូតដល់មុនសង្រ្គាមហ្កាហ្សាផ្ទុះឡើង កាលពីខែតុលា ឆ្នាំមុន។ មិនតែប៉ុណ្ណោះ ជាច្រើនឆ្នាំមកនេះខណៈតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងស្ថានការណ៍អាក្រក់ អ៉ីស្រាអែល និងហេសបូឡា បានបង្ហាញភាពអត់ធ្មត់ជានិច្ច រីឯ ការនិយាយពីសង្រ្គាមទាំងស្រុង បានត្រឹមតែជាការប៉ាន់ស្មានប៉ុណ្ណោះ។ ក៏ប៉ុន្តែស្ថានការណ៍បច្ចុប្បន្នអាចនឹងប្រែប្រួលបានគ្រប់ពេលវេលា។
«យើងបានឡើងកាំជណ្ដើរមួយជំហានទៀតហើយ តែយើងមិនទាន់ឡើងដល់ជាន់លើបំផុតនៅឡើយទេ។ តែនៅទីបញ្ចប់ ខ្ញុំមើលមិនឃើញនោះទេថាមានជម្រើសផ្សេងជំនួស ឱ្យការធ្វើប្រតិបត្តិការវាយលុកដោយប្រើកងទ័ពថ្មើរជើង»។ នេះជាការបញ្ជាក់របស់លោក Uzi Rabi ជានាយកមជ្ឈមណ្ឌល Moshe Dayan សម្រាប់ការសិក្សាពីមជ្ឈិមបូព៌ា និងអាហ្រ្វិក។
* តើពាក្យសង្រ្គាមនឹងត្រូវបានប្រើឬ បើមានការឈ្លានពានតាមជើងគោក?
ការសម្រេចចិត្តណាមួយរបស់អ៉ីស្រាអែល នៅក្នុងការបញ្ជូនរថក្រោះ និងកងទ័ពថ្មើរជើងវាយលុកចូលភាគខាងត្បូងលីបង់ ប្រាកដណាស់នឹងនាំទៅរកការកំណត់និយមន័យថាជម្លោះ រវាងអ៉ីស្រាអែល និងហេសបូឡាគឺជាសង្រ្គាម។ ក្រុមមន្ត្រីអ៉ីស្រាអែល បានប្រកាសសង្រ្គាមជាផ្លូវការប្រឆាំងក្រុមហាម៉ាស ក្នុងរយៈពេលជិត៣សប្ដាហ៍ មុននឹងបញ្ជូនរថក្រោះ និងកងទ័ពថ្មើរជើងវាយចូលក្នុងតំបន់ហ្កាហ្សា។ កងទ័ពអ៉ីស្រាអែល កាលពីពេលថ្មីៗនេះក៏បានបើកប្រតិបត្តិការវាយឆ្មក់ជើងគោក នៅក្នុងតំបន់ West Bank ផងដែរ ហើយប៉ុន្មាន ខែមកនេះ អ៉ីស្រាអែលតែងតែទម្លាក់គ្រាប់បែកជាប្រចាំប្រឆាំងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដោយគ្មាននរណាម្នាក់ហៅសកម្មភាពនេះថាជាសង្រ្គាមនោះទេ។
ម្លោះហើយ គេក៏មិនអាចច្រានចោលនោះដែរនូវលទ្ធផលដែលអ៉ីស្រាអែលអាចនឹងបើកប្រតិបតិ្តការវាយលុកតាមជើងគោកមានដែនកំណត់មួយ ចូលតំបន់ភាគខាងត្បូងលីបង់ ដើម្បី បង្កើតតំបន់ទ្រនាប់មួយ ការពារព្រំដែនភាគខាងជើងរបស់ខ្លួន។ ការវាយលុកថ្មើរជើងរបៀបនេះ នឹងត្រូវបានលីបង់ និងហេសបូឡាចាត់ទុកថាជាការបំពានធ្ងន់ធ្ងរលើអធិបតេយ្យ និងជាសកម្មភាពសង្រ្គាម។ ប៉ុន្តែ តាមពិតទៅ ទីក្រុងបេរូតបានចោទប្រកាន់រួចទៅហើយថាអ៉ីស្រាអែលបានរំលោភបំពានជាប្រចាំចូលក្នុងដែនអាកាស និងកាន់កាប់ទឹកដីរបស់ខ្លួន នៅតាមបណ្ដោយព្រំដែន។ ម្យ៉ាងវិញទៀត ប្រទេសទាំង២ ក៏បានស្ថិតនៅក្នុងស្ថានភាពសង្រ្គាមរួចទៅហើយដែរ ហើយស្ថានភាពនេះបានកើតឡើងតាំងតែពីឆ្នាំ១៩៤៨មកម្ល៉េះ៕