(ប៉េកាំង)៖ ក្រសួងការពារជាតិចិន នៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះបានឱ្យដឹងថាចិនបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ហើយដែលនេះជាការប្រកាសដ៏កម្រមួយ ខណៈប៉េកាំងកំពុងដំឡើងសាច់ដុំយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការពារជាតិចិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «កងកម្លាំងរ៉ុក្កែតនៃយោធាចិនបានបាញ់មីស៊ីល ICBM មួយគ្រាប់...ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិតឆ្ពោះទៅកាន់ដែនទឹក ដែលមិនស្ថិតក្រោមការគ្រប់គ្រងដោយប្រទេសណាមួយ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅវេលាម៉ោង ៨៖៤៤នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ដោយមីស៊ីលនេះបានធ្លាក់ចំគោលដៅដែលត្រូវបានកំណត់»។ ក្រសួងបន្ថែមទៀតថាការធ្វើតេស្ដនេះធ្វើឡើងតាមទម្លាប់ធម្មតានៃការផែនការហឹ្វកហ្វឺនប្រចាំឆ្នាំ ហើយអនុលោមតាមច្បាប់អន្តរជាតិដោយមិនមានគោលដៅលើប្រទេសណាមួយទេ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងការពារជាតិអាមេរិក បានអះអាងថាចិនបាន និងកំពុងអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងល្បឿនមួយលឿនជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក ទៅទៀត។ តាមក្រសួងការពារជាតិអាមេរិក គិតត្រឹមឆ្នាំ២០២៣ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ឱ្យធ្វើប្រតិបត្តិការជាង ៥០០គ្រាប់ ហើយមានផែនការបង្កើនការផលិតរហូតដល់ ១០០០គ្រាប់ នៅឆ្នាំ២០៣០៕