(ញូវយ៉ក)៖ ថ្លែងទៅកាន់បណ្តាមេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ (UN) សម្រាប់អាណត្តិចុងក្រោយក្នុងនាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ដំណោះស្រាយការទូតរវាងអ៉ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់ នៅតែអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤។
ចំពោះមុខ សមាជិកទាំង ១៩៣ នៃអង្គមហាសន្និបាត UN លោក បៃដិន គូសបញ្ជាក់ថា «សង្គ្រាមទ្រង់ទ្រាយធំ មិនស្ថិតក្នុងផលប្រយោជន៍នរណាម្នាក់ឡើយ ទោះជាស្ថានការណ៍កាន់តែតានតឹងក៏ដោយ ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន»។ លោក បៃដិន បានអំពាវនាវឱ្យអ៉ីស្រាអែល សម្រេចកិច្ចព្រមព្រៀងបទបាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសកាតា។ តាមលោក បៃដិន វឌ្ឍនភាពដើម្បីឆ្ពោះទៅរកសន្តិភាពនៅមជ្ឈិមបូព៌ា នឹងធ្វើឱ្យពិភពលោកមានជំហររឹងមាំជាងមុន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអ៉ីរ៉ង់ និងក្រុមប្រូស៉ី (proxies) របស់ខ្លួន។
គួរបញ្ជាក់ថា ខណៈនៅសល់ពេលតែ ៤ខែទៀតប៉ុណ្ណោះនៃអាណត្តិ ដែលនឹងបញ្ចប់នៅខែមករា ឆ្នាំ ២០២៥ លោក បៃដិន បានស្វះស្វែងរកការរំងាប់ភាពតានតឹង ស្របពេលដែលសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា ជិតមួយឆ្នាំមកនេះ កំពុងហៀរចេញទៅលីបង់ ជាទីដែលអ៉ីស្រាអែលបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា៕