(ញូវយ៉ក)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឱ្យមានសកម្មភាពជា​លក្ខណៈអន្តរជាតិ ប្រឆាំងលើប្រទេសអ៉ីរ៉ង់និងកូរ៉េខាងជើង ជុំវិញការផ្តល់ការគាំទ្ររបស់ពួកគេ សម្រាប់សង្រ្គាមឈ្លានពានរបស់​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក Blinken បាននិយាយថា ការគាំទ្រពីទីក្រុងតេហេរ៉ង់ និងទីក្រុងព្យុងយ៉ាង កំពុងតែជួយលោក ពូទីន បង្កការកាប់សម្លាប់ ទុក្ខវេទនា និងសេចក្តីវិនាសហិនហោច ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រទេសទាំងពីរ បានបំពានសេចក្តីសម្រេចជាច្រើន របស់​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN)។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្ថែមថា នៅពេលរុស្ស៉ីពឹងផ្អែកលើ​ការគាំទ្រកាន់តែច្រើន ពីអ៉ីរ៉ង់និងកូរ៉េខាងជើង ទីក្រុងតេហេរ៉ង់និងព្យុងយ៉ាង ក៏ទទួលបានការជួយគាំទ្រ តបស្នងទៅវិញកាន់តែច្រើនដូចគ្នា ខណៈប្រការនេះធ្វើឱ្យរុស្ស៉ី មិនត្រឹមបង្កើនការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខ នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មជ្ឈិមបូព៌ា និងជុំវិញពិភពលោក។

គួរបញ្ជាក់ថា លោក Blinken បានលើកឡើងដូចខាងលើ អំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីវិបត្តិអ៊ុយក្រែន នៅឯទីស្នាក់កណ្តាលរបស់ UN ក្នុងទីក្រុង New York ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏មាន​វត្តមានផងដែរ។ ទន្ទឹមគ្នានោះ លោក Blinken ក៏បានឆ្លៀតនិយាយរិះគន់ដាក់ប្រទេសចិនថែមទៀតផង សម្រាប់ការគាំទ្រចំពោះ វិស័យឧស្សាហកម្មការពារជាតិរបស់រុស្ស៉ី ដែលអនុញ្ញាតឱ្យរុស្ស៉ីរក្សាសមត្ថភាពធ្វើសង្រ្គាម នៅអ៊ុយក្រែន​៕