(វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែងើបចេញពី សង្រ្គាមនៅអ៊ុយក្រែន ហើយលោកបានអះអាងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ គឺមិនមានបំណងធ្វើបែបនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
លោក ត្រាំ បានលើកឡើងដូច្នេះថា «លោក បៃដិន និងលោកស្រី ហារីស បាននាំពួកយើងឱ្យជាប់ជំពាក់ជំពិនក្នុងសង្រ្គាមអ៊ុយក្រែន ហើយឥឡូវពួកគេបែរជាមិនអាចនាំយើងងើបចេញវិញ។ ខ្ញុំយល់ថា ពួកយើងមុខជានឹងនៅបន្តជាប់ផុង ក្នុងសង្រ្គាមនោះ លុះត្រាតែខ្ញុំក្លាយជាប្រធានាធិបតី។ ខ្ញុំនឹងសម្រេចវាឱ្យបាន។ ខ្ញុំនឹងជំរុញឱ្យមានការចរចាបញ្ចប់សង្រ្គាម ហើយខ្ញុំនឹងចេញ។ ពួកយើង ចាំបាច់ត្រូវតែងើបចេញ។ លោក បៃដិន និយាយថា យើងនឹងមិនដើរចេញឡើយរហូតទាល់តែខាងយើងជាអ្នកឈ្នះ ប៉ុន្តែតើនឹងវាអ្វីកើតឡើង ប្រសិនបើខាងគេជាអ្នកឈ្នះវិញនោះ»។
គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយមកទល់ពេលនេះ នៅតែមិនទាន់មានសញ្ញាថា វានឹងអាចបិទបញ្ចប់ទៅវិញ នាពេលណាឡើយ។ សហរដ្ឋអាមេរិក មិនមានកងទ័ពនៅអ៊ុយក្រែននោះទេ ក៏ប៉ុន្តែបានផ្តល់ជំនួយយោធាយ៉ាងច្រើនសម្បើម គិតជាទឹកប្រាប់រាប់សិបពាន់លានដុល្លារ ដល់ទីក្រុងកៀវ ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៉ី៕