(ញូវយ៉ក)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៉ីស្រាអែលមានសិទ្ធិក្នុងការរស់រាន និងការពារខ្លួន ប៉ុន្តែដោយមិនត្រូវប្រព្រឹត្ត ការដាក់ទោសទណ្ឌជារួម ទៅលើជនស៉ីវិលស្លូតត្រង់ ដែលរស់នៅតាមតំបន់ ដែលស្ថិតក្រោមការកំណត់គោលដៅវាយប្រហារ របស់យោធាអ៉ីស្រាអែល នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
លោក Michel បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍មួយ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York។ លោក Michel បាននិយាយដូច្នេះថា «អ៉ីស្រាអែលមានសិទ្ធិការពារខ្លួនឯង។ អ៉ីស្រាអែលមានសិទ្ធិរស់រាន ហើយយើងក៏គាំទ្រផងដែរ ចំពោះសិទ្ធិរបស់អ៉ីស្រាអែល ក្នុងការរស់រាន និងការពារខ្លួន»។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សិទ្ធិការពារខ្លួននោះ មិនមែនមានន័យស្មើនឹង សិទ្ធិក្នុងការដាក់ទោសទណ្ឌជារួមលើជនស្លូតត្រង់នានា ដែលគ្មានកំហុសនោះទេ។
ការលើកឡើងរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ៥៦៩នាក់ ក្នុងនោះមានទាំងកុមារ៥០នាក់ និងស្រ្តីជាង៩០នាក់ ហើយបង្កឱ្យមនុស្ស ១,៨៣៥នាក់ផ្សេងទៀតរបួស។ នេះបើតាមការអះអាង របស់អាជ្ញាធរលីបង់។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំលោកខាងលិច បានប្រើប្រាស់ឱកាសចូលរួមមហាសន្និបាត UN នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដើម្បីអំពាវនាវឱ្យអ៉ីស្រាអែល ប្រកាន់ភាពអត់ធ្មត់ ក្នុងការវាយប្រហារយោធារបស់ខ្លួន នៅលីបង់និងតំបន់ហ្កាហ្សា ដើម្បីទប់ស្កាត់កុំឱ្យផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕