(ញូវយ៉ក)៖ ប្រធានាធិបតី លោក Masoud Pezeshkian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៉ីរ៉ង់ត្រៀមរួចរាល់ហើយ ដើម្បីឈានទៅសម្រេចកិច្ចចរចានុយក្លេអ៊ែរបស់ខ្លួន ជាមួយលោកខាងលិច ហើយអំពាវនាវឱ្យមានការបិទបញ្ចប់ សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈកិច្ចសន្ទនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤។

ការបញ្ជាក់នេះ រំពឹងថានឹងអាចឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួន មកលើអ៉ីរ៉ង់ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ លោក Pezeshkian គូសបញ្ជាក់ថា «យើងបានត្រៀមរួចជាស្រេច ដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥។ ប្រសិនបើការប្តេជ្ញាចិត្តក្នុងកិច្ចព្រមពៀងនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់ ការសន្ទនាគ្នាលើបញ្ហាផ្សេងទៀត អាចអនុវត្តបានតាមក្រោយ»

គួរបញ្ជាក់ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump​ បានបោះចោលកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងទីក្រុងតេហេរ៉ង់ ជាមួយប្រទេសមហាអំណាចចំនួន ៨ផ្សេងទៀត កាលពីឆ្នាំ ២០១៨ ក្រោយកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ត្រូវបរាជ័យ។ កិច្ចព្រមព្រៀងឆ្នាំ ២០១៥ គឺមានបំណងបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ត្រឹមកម្រិត ៣.៦ភាគរយ និងការស្តុកទុកធាតុផ្សំសម្រាប់ផលិត នៅត្រឹម ២០២គីឡូក្រាម ខណៈទីក្រុងតេហេរ៉ង់ កំណត់ខុសគ្នាឆ្ងាយពីកិច្ចព្រមព្រៀង៕