(ញូវដេលី)៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងហិរញ្ញវត្ថុ Mumbai របស់ប្រទេសឥណ្ឌា បង្កជាទឹកជំនន់ ផ្តាច់ជីវិតមនុស្ស ៤នាក់ ក៏ដូចជាធ្វើឱ្យសាលារៀននៅក្នុងទីក្រុងមួយនេះ ត្រូវបិទទ្វារជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យ៉ាងនេះក្តី ភ្លៀងបានធូរស្រាលបន្តិចឡើងវិញបន្តិច នៅរសៀលថ្ងៃដដែលនេះ (ម៉ោងក្នុងតំបន់)។ ផ្នែកខ្លះនៃទីក្រុង Mumbai បានកត់ត្រារបាយទឹកភ្លៀងប្រហែល ២៧៥មីលីម៉ែត្រ កាលពីល្ងាចថ្ងៃពុធ ដែលបានធ្វើឱ្យចរាចរណ៍តាមដងផ្លូវត្រូវរងការរំខាន ក៏ដូចជាការពន្យារពេលនៃរថភ្លើង ដែលប្រជាជនក្នុងទីក្រុងមានមនុស្សរាប់លាននាក់នេះ ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តាមក្រុមមន្រ្តី មនុស្ស ៤នាក់បានស្លាប់ក្នុងឧប្បត្តិហេតុបង្កឡើងដោយភ្លៀងធ្លាក់។
នាយករដ្ឋមន្រ្តី លោក Narendra Modi បានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុង Pune ដែលនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីទីក្រុង Mumbai បន្ទាប់ពីអាជ្ញាធរចេញសេចក្តីជូនដំណឹងកម្រិតពណ៌ក្រហម អំពីភ្លៀងធ្លាក់។ ខណៈការព្យាករណ៍ថា នឹងមានភ្លៀងបន្តទៀត នៅក្នុងទីក្រុង Mumbai អាជ្ញាធរក៏បានចេញការប្រកាសអាសន្នពណ៌ក្រហម ទូទាំងទីក្រុងតែម្តង ហើយស្នើឱ្យអ្នកស្រុកស្នាក់នៅផ្ទះ។ សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបានបិទជាបណ្តោះអាសន្ន ហើយអ្នកនេសាទត្រូវបានស្នើឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ រហូតដល់ថ្ងៃសុក្រ។
គួរបញ្ជាក់ថា ភ្លៀងមូសុងប្រចាំឆ្នាំនៅឥណ្ឌា ចាប់ផ្តើមមកពីភាគពាយ័ព្យប្រទេស កាលពីដើមសប្តាហ៍ គឺយឺតជាងធម្មតា ១សប្តាហ៍។ មន្រ្តីឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចបោកបក់មកលើរដ្ឋ Telengana ភាគខាងត្បូង នៅថ្ងៃព្រហស្បតិ៍៕