(ប៉េកាំង)៖ លោក Xi Jinping មេដឹកនាំកំពូលចិន បានថ្លែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកញ្ញាថា គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិន ប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ដែលទទួល ផលប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស បានសម្របសម្រួល ការធ្វើអភិបាលកិច្ចនៅអវកាស ដែលបានជួយឱ្យសមិទ្ធផល បច្ចេកវិទ្យាអវកាស ផ្តល់ផលប្រយោជន៍កាន់តែច្រើន សម្រាប់មនុស្សជាតិ។

ថ្ងៃដដែល នៅទីក្រុងប៉េកាំង លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាង នៃបុគ្គលិកការងារដែលចូលរួម ការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍ នៃបេសកកម្មហោះហើរ របស់យានអវកាស Chang`E-6 នៃគម្រោងរុករកភពព្រះចន្ទ ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍សំណាក នៃភពព្រះចន្ទនិងសមិទ្ធផល នៃគម្រោងរុករកភពព្រះចន្ទ។

គម្រោងរុករកភពព្រះចន្ទជាភារកិច្ចស្ទង់រុករកភពព្រះចន្ទ កម្រិតវិទ្យាសាស្ត្រខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអវកាស របស់ប្រទេសចិន។ កាលពីខែមិថុនា ឆ្នាំ២០២៤ យានអវកាស Chang`E-6 បានត្រឡប់មកភពផែនដីវិញ ក្រោយបានជីកយកសំណាកដី ពីផ្ទៃប៉ែកម្ខាងទៀត នៃភពព្រះចន្ទដែលជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលសម្រេចបាននូវបច្ចេកទេសគន្លឹះ ជាច្រើនផ្នែក បានចាក់គ្រឹះយ៉ាងរឹងមាំដល់ការរុករក ភពព្រះចន្ទនិងភពផ្សេងៗនៅពេលអនាគត។

លោក Xi Jinping បានលើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅ គម្រោងរុករកភពព្រះចន្ទទទួលបានសមិទ្ធផលច្រើនសន្ធឹក ក្នុងវិស័យច្រើនដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ ការអនុវត្តវិស្វកម្ម ការប្រែប្រួលលទ្ធផលស្រាវជ្រាវ ទៅជាផលិតកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍបុព្វហេតុអវកាសចិន និងការរុករកលំហអវកាសរបស់មនុស្សជាតិ។

លោក Xi Jinping បានគូសបញ្ជាក់ថា ដែនអវកាសជាលំហរួមរបស់មនុស្សជាតិ ការរុករកលំហអវកាសជាបុព្វហេតុរួម របស់មនុស្សជាតិ។ គម្រោងរុករកភពព្រះចន្ទរបស់ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ទទួល ផលប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ សមិទ្ធផលនៃគម្រោងរុករក ភពព្រះចន្ទ ជាបណ្តុំនៃតម្រិះប្រាជ្ញា និងកម្លាំងកាយចិត្តរបស់អវកាសយានិកច្រើនជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិន លើវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងចរិតដ៏មោះមុតរបស់ប្រជាជនចិន។

លោកបានបន្តថា ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បន្តចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ ជាមួយបណ្តាប្រទេស ជំរុញឱ្យការគ្រប់គ្រងដែនអវកាសកាន់តែល្អប្រសើរ ដើម្បីឱ្យសមិទ្ធផលបច្ចេកវិទ្យាអវកាស ផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន