(ប៉េកាំង)៖ ក្នុងនាមជាប្រទេសជិតខាង ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន មានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរលង់ ។ កាលពី ៣២ ឆ្នាំមុន ភាគីទាំងពីរចិននិងអាស៊ាន បានបង្កើតទំនាក់ទំនងដៃគូសន្ទនា ហើយកាលពីឆ្នាំ ២០២១ ភាគីទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាសញ្ញាបង្ហាញថា ចិននិងអាស៊ានកំពុងប្រកៀកស្មាគ្នា ដើរតាមមាគ៌ាអភិវឌ្ឍន៍រួមដើម្បីឆ្ពោះទៅការកសាង សហគមន៍ជោគវាសនារួមដែលកាន់តែស្អិតល្មួត។
* ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
ប្រទេសចិននិងអាស៊ានមិនត្រឹមតែមានទឹកដីជាប់គ្នា ឬស្ថិតនៅក្បែរខាងគ្នាប៉ុណ្ណោះទេ ថែមទាំងមានអរិយធម៌បូព៌ាប្រទេស ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៀតផង ពិសេសមានជនជាតិចិនជាច្រើនដែលបានទៅរស់នៅ ប្រទេសអាស៊ាន ជាច្រើនជំនាន់ ដែលបានដើរតួនាទីជាស្ពានសម្រាប់ តភ្ជាប់ចំណងមេត្រីភាព រវាងប្រទេសចិនជាមួយប្រទេសទាំងនេះ រហូតមានប្រទេសជាមិត្តមួយចំនួន មានចំណងមិត្តភាពរឹងមាំ ដូចដែកថែបជាមួយចិនទៀតផង តួយ៉ាងដូចជាប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្នុងចំណោមប្រទេសអាស៊ាន មានប្រទេសជាច្រើនដែលបានប្រកៀកស្មា ជាមួយប្រទេសចិនដើម្បីរួមគ្នាកសាងសហគមន៍ ជោគវាសនារួមដែលមានភាពកាន់តែស្អិតល្មួត។ ឯចិននិងកម្ពុជាបានឈានចូលដំណាក់កាល កសាងសហគមន៍ជោគវាសនារួម ដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។
* កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
តាមការលើកឡើងរបស់មន្ត្រីក្រសួងពាណិជ្ជកម្មចិន គិតចាប់ពីឆ្នាំ ២០១៣ មក កំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ាន គិតជាមធ្យម ៧.៥% ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៩១១.៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ានជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ប្រទេសចិនក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ៧ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឡើងដល់ចំនួន ៥៥២ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន ៧.៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។
កត្តាដែលនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអាស៊ាន មានការកើនឡើងជាលំដាប់ គឺដោយសារតែក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ប្រទេសអាស៊ានបានក្លាយជា គំរូនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសចិន ពោលគឺទាំងសមាគមអាស៊ាន និងប្រទេសសមាជិកទាំង ១០ សុទ្ធតែបានចុះហត្ថលេខាលើឯកសារ ស្តីពីគំនិតឯកភាពរួមក្នុងការកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសចិន ព្រមទាំងបានអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមនេះ ដែលញ៉ាំងឱ្យកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ានទទួលបានសមិទ្ធផលថ្មី ៗគួរឱ្យកត់សម្គាល់។
លើកយកកម្ពុជាដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលគាំទ្រ និងចូលរួមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»ដំបូងគេជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបាន ការវិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើនឡើងៗ ក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាបានដើរតួនាទីដ៏សំខាន់ ដែលមិនអាចខ្វះបាន។ តាមការព្យាករណ៍របស់ធនាគារពិភពលោក នៅខែមេសាឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ នឹងឡើងដល់ ៥.៨% ហើយនៅឆ្នាំ ២០២៥ នឹងកើនឡើងដល់ចន្លោះ ៦.១% ។ ការអភិវឌ្ឍរបស់កម្ពុជាបានឈានចូល «យុគសម័យមាស» ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយប្រទេសចិន ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិកា ររវាងប្រទេសចិននិងអាស៊ាន។
ក្រៅពីនេះ ចិននិងអាស៊ានទទួលបានលទ្ធផលជា ផ្លែផ្កាពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងពិព័រណ៍ចិន-អាស៊ានលើទី ២១ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅទីក្រុងណាននីងប្រទេសចិន សហគ្រាសចិននិងអាស៊ាន បានសម្រេចការចុះហត្ថលេខាលើ គម្រោងសហប្រតិបត្តិការចំនួន ១០៩ គម្រោងដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ប្រការនេះនឹងជំរុញឱ្យភាគីទាំងពីរទទួលបាន ផ្លែផ្កាកាន់តែច្រើននាពេលអនាគត។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា «មិនថាពីអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ប្រទេសចិន គឺជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អរបស់អាស៊ានជាដរាប»។ ជាការពិតណាស់ ផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងចិននិងអាស៊ានគឺធំធេងជាង ការខ្វែងគំនិតគ្នាយ៉ាងលើសលប់ ឯការប្រកៀកស្មាគ្នាឆ្ពោះទៅរក ការអភិវឌ្ឍនិងវិបុលភាពរួម និងការកសាងសហគមន៍ជោគវាសនារួម ដែលកាន់តែស្អិតល្មួតជាបំណងប្រាថ្នារួម របស់ប្រជាជននៃភាគីទាំងពីរ ហើយមុខជានឹងសម្រេចបានជាមិនខាន៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន