(ប៉េរូត)៖ អ៊ីស្រាអែលបានច្រានចោលសំណើឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។ ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំលីបង់បានសម្តែងក្តីសង្ឃឹម ចំពោះបទឈប់បាញ់ឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ជម្លោះនៅតែបន្តក្តៅគគុក ដោយអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រទេសលីបង់ក្នុងរយៈពេលជិតពីរទសវត្សរ៍ ដែលបានសម្លាប់មនុស្សជាង ៦០០ នាក់។ ក្រុមហេសបូឡាក៏បានបាញ់មីស៊ីលរាប់រយគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv ជាលើកដំបូងផងដែរ។

សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តមួយចំនួនទៀត បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ ថ្ងៃជាបន្ទាន់នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ប៉ុន្តែត្រូវបានអ៊ីស្រាអែលបដិសេធ។ ក្រុមអ្នករឹងរូសនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលបានអះអាងថា អ៊ីស្រាអែលគួរតែបន្តវាយប្រហារក្រុមហេសបូឡារហូតដល់ទទួលបានជ័យជម្នះ។

នាយករដ្ឋមន្រ្តីនៃប្រទេសលីបង់ លោក Najib Mikati បានស្វាគមន៍បទឈប់បាញ់នេះ ប៉ុន្តែនិយាយថា គន្លឹះនៃការអនុវត្ត គឺអាស្រ័យលើអ៉ីស្រាអែល ដែលកំពុងចល័តទ័ពទៅជិតលីបង់ ថាប្តេជ្ញាអនុវត្តដំណោះស្រាយអន្តរជាតិដែរឬទេ៕