(បាងកក)៖ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលជាអាកាសយានដ្ឋានសំខាន់របស់ប្រទេសថៃ បានទទួលការគំរាមកំហែងអំពីគ្រាប់បែក ដែលត្រូវបានគេរាយការណ៍ថា មាននៅលើជើងយន្តហោះរបស់ក្រុមហ៊ុន Thai VietJetAir ដែលកំពុងធ្វើដំណើរពីទីក្រុងដាណាង ប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ក្រោយពីទទួលបានការគំរាមកំហែងនេះ អាជ្ញាធរព្រលានយន្តហោះបានចាត់វិធានការសង្គ្រោះបន្ទាន់ជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើជើងយន្តហោះ អ្នកដំណើរ និងឥវ៉ាន់ទាំងអស់។
យ៉ាងណាក៏ដោយ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មិនមានសារធាតុផ្ទុះ ឬវត្ថុគួរឲ្យសង្ស័យណាមួយត្រូវបានរកឃើញនោះទេ។ អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះមិនបានប៉ះពាល់ដល់ប្រតិបត្តិការទូទៅរបស់អាកាសយានដ្ឋាននោះទេ ហើយវិធានការសង្គ្រោះបន្ទាន់ក៏ត្រូវបានលើកវិញផងដែរ។
ទោះជាយ៉ាងណា អ្នកដំណើរម្នាក់ដែលត្រូវបានសង្ស័យថាជាអ្នកនៅពីក្រោយការគំរាមកំហែងនេះ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចនគរបាលដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕