(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់កញ្ចប់ជំនួយយោធាដ៏ធំមួយទៀត ដល់អ៊ីស្រាអែល ដែលមានទំហំទឹកប្រាក់រហូតដល់ ៨.៧ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងចំណោមទឹកប្រាក់សរុបនេះ ចំនួន ៣.៥ ពាន់លានដុល្លារត្រូវបានបម្រុងទុកសម្រាប់ការផ្គត់ផ្គង់លទ្ធកម្មសម័យសង្រ្គាមសំខាន់ៗ ដើម្បីធានាបាននូវសមត្ថភាពប្រយុទ្ធរបស់អ៊ីស្រាអែល។ ចំណែក ៥.២ ពាន់លានដុល្លារទៀត ត្រូវបានឧទ្ទិសដល់ការពង្រឹងប្រព័ន្ធការពារអាកាស រួមមានទាំងការផ្គត់ផ្គង់ប្រព័ន្ធ Iron Dome ដ៏ល្បី និងប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់ដើម្បីទប់ទល់នឹងការគំរាមកំហែងតាមអាកាស។
គួរបញ្ជាក់ថា ការប្រកាសផ្តល់ជំនួយនេះ កើតឡើងនៅក្នុងបរិបទដែលអ៊ីស្រាអែលកំពុងប្រឈមមុខនឹងសង្រ្គាមលើសមរភូមិពីរ ក្នុងពេលដំណាលគ្នា គឺប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡានៅប្រទេសលីបង់៕